យោងតាមទិន្នន័យសមុទ្រថ្មី នាវាដឹកប្រេង និងឧស្ម័នជាង ៣២០គ្រឿង ស្ថិតក្នុងចំណោមនាវាពាណិជ្ជកម្មយ៉ាងហោចណាស់ ២.១៩០គ្រឿង ដែលជាប់គាំងនៅក្នុងឈូងសមុទ្រអារ៉ាប់ កាលពីថ្ងៃពុធ ដោយសារការបិទផ្លូវសមុទ្ររបស់អ៊ីរ៉ង់ នៅច្រកសមុទ្រហ័រមូស ខណៈដែលចរាចរណ៍មានកំណត់ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹង នៅតែបន្តឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះ។

នាវាដែលជាប់គាំងរួមមាននាវាដឹកឧស្ម័នធំៗចំនួន ១២ គ្រឿង និងនាវាដឹកប្រេងឆៅធំៗចំនួន ៥០ គ្រឿង។ ក្រុមហ៊ុនស៊ើបការណ៍សម្ងាត់សមុទ្រ Kpler បាននិយាយថា មានតែនាវាចំនួន ៦គ្រឿងប៉ុណ្ណោះដែលបានឆ្លងកាត់ច្រកសមុទ្រ ចន្លោះថ្ងៃអង្គារ និងថ្ងៃពុធ ដែលតិចជាងមុនច្រើនណាស់ ដោយនាវាប្រហែល ១២០គ្រឿង ដែលធ្វើដំណើរជារៀងរាល់ថ្ងៃ ក្នុងពេលសន្តិភាព។
នាវាដែលបានឆ្លងកាត់ ត្រូវឲ្យធ្វើដំណើរតាមច្រករបៀងដែលត្រូវបានអនុម័តដោយអ៊ីរ៉ង់នៅជិតកោះ Larak នៅឆ្នេរសមុទ្ររបស់ខ្លួន ដោយសារព័ត៌មាន Lloyd’s List បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់មាននាវាចំនួន ៤៨គ្រឿង បានប្រើប្រាស់ផ្លូវឆ្លងកាត់នេះ ចាប់តាំងពីសប្តាហ៍មុន ដែលភាគច្រើនមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ឬប្រទេសដែលរក្សាចំណងមិត្តភាពជាមួយទីក្រុងតេអេរ៉ង់។
អ៊ីរ៉ង់បានដាក់កំហិតលើច្រកសមុទ្រនេះ ដែលប្រេង និងឧស្ម័នប្រហែល ២០ភាគរយនៃពិភពលោក ឆ្លងកាត់ជាធម្មតា ចាប់តាំងពីប្រទេសនេះ ត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃ២៨ ខែកុម្ភៈ។ ម្ចាស់នាវាដែលត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរ បានប្រឈមនឹងការបង់ថ្លៃរហូតដល់ ២ លានដុល្លារ ដែលត្រូវបានគេដាក់ឈ្មោះថា «កន្លៃបង់ប្រាក់របស់ទីក្រុងតេអេរ៉ង់» ទោះបីជាអ៊ីរ៉ង់ បានបង្ហាញថា ខ្លួនអាចនឹងលើកលែងការគិតថ្លៃបែបនេះសម្រាប់នាវាមកពីប្រទេសជាមិត្ត រួមទាំងប្រទេសម៉ាឡេស៊ីផងដែរ៕
