ក្រុមហ៊ុនអាកាសចរណ៍ចិនជាច្រើន ក្នុងនោះរួមទាំងក្រុមហ៊ុនអាកាសចរណ៍ជាតិ Air China បានឲ្យដឹងថា ពួកគេនឹងបន្ថែមតម្លៃលើជើងហោះហើរក្នុងស្រុក ដោយសារបញ្ហាប្រេងឥន្ធនៈ ចាប់ពីថ្ងៃអាទិត្យ (ទី៥ ខែមេសា) តទៅ ខណៈដែលសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ជំរុញឲ្យតម្លៃប្រេងឡើងខ្ពស់ទូទាំងពិភពលោក។
ក្រុមហ៊ុនអាកាសចរណ៍ Air China, China Southern និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ Xiamen Airlines បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេនឹងបង្កើនថ្លៃបន្ថែមលើជើងហោះហើរ រហូតដល់ ៨០០គីឡូម៉ែត្រចំនួន ៦០យន់ (៨,៧០ដុល្លារ) និង ១២០យន់ សម្រាប់ជើងហោះហើរឆ្ងាយជាងនេះ។ ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines និងក្រុមហ៊ុនអាកាសចរណ៍ Juneyao Airlines ក៏បានប្រកាសពីការដំឡើងថ្លៃបន្ថែមដោយសារប្រេងឥន្ធនៈនេះផងដែរ។

បើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃពុធ ដែលមិនបានយោងដល់ជម្លោះនោះ បានឲ្យដឹងថា ជើងហោះហើរអន្តរជាតិ នឹងត្រូវអនុវត្តតាមការគណនាវាយតម្លៃរបស់ប្រព័ន្ធនេះ។ ចំណាត់ការនេះកើតឡើងនៅពេលដែលសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ Hormuz ដ៏សំខាន់របស់អ៊ីរ៉ង់ បានធ្វើឲ្យតម្លៃប្រេងឆៅកើនឡើងយ៉ាងខ្លាំង។
ប្រេងម៉ាក Brent មួយបារ៉ែល បានឡើងដល់តម្លៃក្នុងរង្វង់ប្រហែល ១០០ដុល្លារ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលនាំឲ្យអ៊ីរ៉ង់សងសឹកប្រឆាំងនឹងទីតាំងប្រេង នៅក្នុងរដ្ឋឈូងសមុទ្រជាច្រើន៕

