បាល់ទាត់៖ ក្លិបបាល់ទាត់នៅក្របខណ្ឌ English Premier League នឹងអាចប្រើប្រាស់កីឡាករបម្រុង ៥នាក់ឡើងវិញក្នុងមួយប្រកួតចាប់ពីរដូវកាលក្រោយទៅ បន្ទាប់ពីមានការព្រមព្រៀងដោយក្លិបភាគច្រើន។ ក្រៅពីកីឡាករបម្រុង ៥នាក់ ក្លិបក៏អាចមានបញ្ជីកីឡាករបម្រុងដល់ ៩នាក់ផងដែរក្នុងមួយប្រកួត។

ការបង្កើតឱ្យមានកីឡាករបម្រុងដល់ ៥នាក់ត្រូវធ្វើឡើងកាលពីខែឧសភា ឆ្នាំ២០២០ អំឡុងពេលនៃវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩។ ក្រោយក្លិបនៅ EPL ក៏បានបោះឆ្នោតទំលាក់ច្បាប់នេះវិញកាលពីរដូវកាល ២០២០-២១ ខណៈ Premier League ក្លាយជាក្របខណ្ឌកំពូលមួយដែលបោះចោលច្បាប់នេះ ពីព្រោះតែក្លិបមួយចំនួនមានអារម្មណ៍ថា អយុត្តិធម៌សំរាប់ក្លិបដែលមានសមាជិកតិច ជាពិសេសក្លិបតូចៗ។
ការប្រើប្រាស់កីឡាករបម្រុងដល់ ៥នាក់ក្នុងមួយប្រកួតកំពុងត្រូវបានជំរុញឱ្យមាននៅក្នុងធម្មនុញ្ញកីឡាបាល់ទាត់ផងដែរ។ ជុំវិញកិច្ចប្រជុំរបស់ក្លិបនៅ Premier League នេះក៏បានសំរេចផងដែរថា ទីផ្សាដោះដូរកីឡាករនឹងចាប់ផ្តើមបើកនៅថ្ងៃទី១០ ខែមិថុនា បិទបញ្ចប់នៅថ្ងៃទី១ ខែកញ្ញា ឱ្យដូចគ្នាជាមួយនឹងលីគកំពូលប្រទេសផ្សេងៗនៅតំបន់អឺរ៉ុបផងដែរ។ ចំណែកការធ្វើតេស្តរកកូវីដ-១៩ ពីរដងក្នុងមួយសប្តាហ៍ក៏ត្រូវបានលុបចោលផងដែរ៕
អត្ថបទ៖នាង សុភាវុធ