បទវិភាគ៖ ករណីវិវាទការងារនៅក្រុមហ៊ុន NAGA WORLD និងការ​បន្តអូសបន្លាយ​ធ្វើ​បាតុកម្ម​ដោយ​ក្រុម​មេដឹកនាំសហជីព

2022/04/01 09:57:30 pm        159

ភ្នំពេញ៖ វិវាទការងាររវាងអតីតបុគ្គលិក ជាមួយក្រុមហ៊ុន NAGA WORLD បានអូសបន្លាយពេលជាង៩ខែមកហើយ គឺចាប់តាំងពីខែមិថុនា ឆ្នាំ២០២១មក ដែលករណីវិវាទនេះ គឺកើតឡើងបន្ទាប់ពីក្រុមហ៊ុន NAGA WORLD ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺ Covid-19 បានសម្រេចកាត់បន្ថយបុគ្គលិករបស់ខ្លួន ជាមួយនឹងការផ្តល់សំណងត្រឹមត្រូវតាមច្បាប់ការងារ។ វិបត្តិជំងឺ Covid-19 ត្រូវបានគេដឹងថា ជះឥទ្ធិពលខ្លាំងជាងគេ លើវិស័យទេសចរណ៍ និងសេវាកម្សាន្ត។

បើយោងតាមប្រភពពីក្រុមហ៊ុន NAGA WORLD ដោយសារការបន្តធ្លាក់ចុះនៃភ្ញៀវ ព្រមទាំងការ​កែ​សម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងនៃក្រុមហ៊ុន ឱ្យស្របតាមការរក្សាគម្លាតសង្គម និងវិធានការសុខាភិបាល​ផ្សេងទៀត នៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនបានជូនដំណឹងដល់​សហជីព និងតំណាងនិយោជិត​អំពី​គម្រោងកាត់បន្ថយបុគ្គលិក នៅខណៈនោះ ក្រុមហ៊ុន បានបញ្ជាក់ថា ខ្លួននឹងធ្វើការកាត់បន្ថយ​បុគ្គលិក​ក្នុង១២ផ្នែក ដែលមានចំនួន ជាង ១៣០០នាក់ ហើយនឹងអនុវត្ត​សំណងឱ្យស្របតាម​នីតិវិធីច្បាប់។

ទន្ទឹមនឹងនេះ ក៏មានបុគ្គលិកចំនួន ជិត៣០០នាក់ ផ្សេងទៀត បានស្ម័គ្រចិត្តមកសុំលាឈប់ពីការងារ​ដោយខ្លួនឯង ដែលធ្វើឱ្យចំនួនបុគ្គលិក ដែលត្រូវកាត់បន្ថយបានកើនដល់ ជាង ១៦០០នាក់។ ក្រុមហ៊ុនបានទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ជូនអតីតបុគ្គលិកទាំងជាង ១៦០០នាក់ ដែលក្នុងនោះជាង១២០០នាក់ បានយល់ព្រមទទួលយក និងជាង ៣០០នាក់ទៀត មិនព្រមទទួលយកនោះឡើយ ទោះបីក្រុមហ៊ុនបានផ្ទេរប្រាក់ចូលគណនីធនាគារ របស់​អតីត​បុគ្គលិកម្នាក់ៗរួច​ហើយក្តី។

ដោយពួកគេបានទាមទារដាក់លក្ខខណ្ឌផ្សេងៗ ដូចជាតម្រូវឱ្យក្រុមហ៊ុនទទួលយក​ពួកគេចូលធ្វើការ​វិញ ទាមទារដំឡើងប្រាក់ខែ ៧ភាគរយ និងទាមទារបន្ថែមលក្ខខណ្ឌផ្សេងៗដែលមិនសមរម្យ និងមិនស្របតាមគោលការណ៍ច្បាប់ការងារ។ ការទាមទារបែបនេះ ត្រូវបានភាគីនិយោជក​បដិសេធ ដែលបង្កនូវបាតុកម្មតវ៉ាអូសបន្លាយមកដល់បច្ចុប្បន្ននេះ។

តើចំណុចសំខាន់អ្វីខ្លះ ដែលយើងគួរស្វែងយល់ និងចាប់អារម្មណ៍ជុំវិញករណីវិវាទការងារមួយនេះ?

១- ការពិតនៅពីក្រោយសកម្មភាពបាតុកម្មនៅ NAGA WORLD ៖

ដើម្បីដឹងពីចេតនា និងគោលដៅពិតប្រាកដ ដែលក្រុមបាតុករបាននិងកំពុងធ្វើ យើងត្រូវចាប់ផ្តើមពី​សំណួរថា តើហេតុអ្វីក្រុមបាតុករទាំងនេះ អាចបន្តធ្វើបាតុកម្មអូសបន្លាយរយៈពេលយូរ​បែបនេះ​បាន? តើពួកគេបានប្រភពថវិកាមកពីណា? និងតើគោលដៅពិតប្រាកដនៃបាតុកម្មនេះ គឺជាអ្វី? បាតុកម្មនៅក្រុមហ៊ុន NAGA WORLD ត្រូវបានគេដឹងថា ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន NAGA WORLD និងបក្ខពួក។ យោងតាមក្រុមមន្ត្រីសហជីពឯករាជ្យ ដែលបានដឹងយ៉ាងច្បាស់ពីឧបាយកល និងយុទ្ធវិធី របស់​មេដឹកនាំបាតុកម្ម បានគូសបញ្ជាក់ថា បច្ចុប្បន្នបាតុកម្មនេះ គឺបានដើរហួសបន្ទាត់ក្រហម នៃ​ការទាមទារសិទ្ធិការងារ ​និងអត្ថប្រយោជន៍របស់អតីតបុគ្គលិក​ នៃក្រុមហ៊ុន NAGA WORLD ដែលត្រូវបានបញ្ឈប់ពីការងារហើយ។

ក្រុមបាតុករបានធ្វើសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់ ដោយមានការរៀបចំពីអ្នកដឹកនាំ ដើម្បីកេង​ចំណេញ តាមគ្រប់រូបភាព បម្រើ​មហិច្ឆតា​របស់ក្រុមខ្លួន រហូតឈានដល់ការបង្កើតឈុតឆាក​សម្តែង​ជាជនរងគ្រោះ ក្រោមរូបភាពផ្សេងៗ។ ជាក់ស្តែងខណៈពេលដែលអាជ្ញាធរមានសមត្ថកិច្ច អញ្ជើញ​ពួកគេឱ្យឡើងរថយន្ត ​ទៅសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ពួកគេបែរជាចោទប្រកាន់ថា អាជ្ញាធរ​មានសមត្ថកិច្ចប្រើអំពើហិង្សាលើពួកគេទៅវិញ។ នេះជាចេតនា បំភ័ន្ត​សាធារណមតិ​លើយន្តការច្បាប់ ខណៈដែលវិវាទនេះ ត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រេចរួចហើយ។ តាមប្រភពដដែលខាងលើ គឺបាតុកម្មនេះ មានផែនការ រចនាសម្ព័ន្ធដឹកនាំ និងការ​បណ្តុះបណ្តាល​ច្បាស់លាស់ ដោយក្រៅពីកម្លាំងបាតុករ ​និងមេបាតុករ ដែលអនុវត្តផ្ទាល់ គឺនៅមានការដឹកនាំ​បញ្ជា​ច្បាស់លាស់ ​ពីខាងក្រៅថែមទៀត។

ជាក់ស្តែងទន្ទឹមនឹងបាតុកម្មខាងក្នុងក៏មានបាតុកម្មគាំទ្រពីតាមបណ្តាប្រទេសនានា ដោយបណ្តាញ​សហជីពអន្តរជាតិទៀតផង។ ក្រៅពីរៀបចំផែនការយ៉ាងច្បាស់លាស់ ​បាតុកម្មនេះ ថែមទាំង​មានការគាំទ្រថវិកា​ពីក្រៅប្រទេសជាបន្តបន្ទាប់ ដើម្បីចិញ្ចឹមសកម្មភាពបាតុកម្មខុស ច្បាប់នេះ​បន្តទៅមុខទៀត។

ពួកក្រុមបាតុករ បានធ្វើសកម្មភាពបំពានច្បាប់ម្តងហើយម្តងទៀត ហើយបានយករាជរដ្ឋាភិបាល ធ្វើជាចំណាប់ខ្មាំង ក្រោមលេសទាមទារ​សិទ្ធិការងារ ​និងការពារផលប្រយោជន៍បុគ្គលិក។ ប៉ុន្តែទង្វើជាក់ស្តែង ​ពួកគេមិនស្តាប់ការសម្របសម្រួល របស់ស្ថាប័នមានសមត្ថកិច្ចដោះស្រាយ​ជម្លោះ​ឡើយ។ មួយវិញទៀត របៀបនៃការធ្វើបាតុកម្ម និងសញ្ញាផ្សេងៗ ដែលពួកគេប្រើប្រាស់ សុទ្ធសឹងតែ​មានការទាក់ទងនឹងបណ្តាញនៅបរទេស ដែលធ្លាប់បានប្រើប្រាស់ក្នុងការតវ៉ា និងផ្តួលរំលំរបបដឹកនាំនៅបណ្តាប្រទេសមួយចំនួន។

ជាមួយគ្នានេះ ពួកគេបានបន្ត​លាបពណ៌​រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ថា​បំបិទ សិទ្ធិ​សេរីភាពរបស់ពួកគេ និងមិនគិតពីផលប្រយោជន៍របស់កម្មករនិយោជិត ដើម្បីញុះញង់​ឱ្យ​សាធារណមតិយល់ច្រឡំ លើរាជរដ្ឋាភិបាល បង្កើតកំហឹងប្រឆាំងរដ្ឋាភិបាល តែធាតុពិតគឺពួក​គេបាននិងកំពុងប្រើប្រាស់ អតីតបុគ្គលិកក្រុមហ៊ុន NAGA WORLD ជាលេសនយោបាយ​សុទ្ធសាធ។

អ្នកចូលរួមបាតុកម្មខ្លះ ត្រូវបានបោកប្រាស់ដោយក្រុមជនខិលខូចនិងមេដឹកនាំសហជីព ដែល​អះអាងថា ការពារផលប្រយោជន៍របស់អតីតបុគ្គលិក ប៉ុន្តែបានគេងចំណេញពីការ​ចូលរួមបាតុកម្មរបស់​អតីតបុគ្គលិក ដើម្បីផលប្រយោជន៍ក្រុមបក្ខពួកខ្លួន និងបម្រើនយោបាយបរទេសទៅវិញ។ បើសិនជាពួកគេពិតជាមានឆន្ទៈការពារសិទ្ធិ និងផល​ប្រយោជន៍​អតីតបុគ្គលិក NAGA WORLD ពិតប្រាកដ ពួកគេនឹងយកច្បាប់ប្រទេសមក​ដោះស្រាយ មិនមែនបន្តប្រមាថច្បាប់ និងទាមទារទាំងបំពាន រហូតដល់រៀបចំផែនការរុញបាតុកម្ម ឱ្យជល់នឹងកម្លាំងសមត្ថកិច្ច តាមរយៈវិធីសាស្ត្រសាច់កម្ម ឱ្យសមត្ថកិច្ចចាប់ខ្លួនបាតុករ ដើម្បីពួកគេងាយស្រួល នឹងអនុវត្តផែនការបន្តបន្ទាប់ទៀត របស់ចៅហ្វាយនាយរបស់ពួកគេ។ តាមប្រភពពីក្រុមមន្ត្រីសហជីពឯករាជ្យ បានបន្តឱ្យដឹងថា សកម្មជន និងសមាជិកសហជីព ដែលដឹកនាំបាតុកម្ម បានគម្រាមបាតុករផ្សេងទៀត មិនឱ្យទទួលយកដំណោះស្រាយដែលស្របតាមច្បាប់ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានរៀបចំផែនការផ្សេងៗដើម្បីបន្តបាតុកម្មនេះ។ ទាំងអស់នេះច្បាស់ណាស់ថា ពួកគេមិនអាចធ្វើអ្វីបានដោយខ្លួនឯងឡើយ តែមានការជួយជ្រោមជ្រែងពីក្រៅប្រទេស។ ក្រុមមេដឹកនាំបាតុកម្ម ធ្លាប់បានទទួលការបណ្តុះបណ្តាលជំនាញច្បាស់លាស់ លើការធ្វើបាតុកម្ម និងអ្នកដែលបណ្តុះបណ្តាលនោះ គឺជាបណ្តាញបរទេស ដែលជាតួអង្គសំខាន់មួយ​ដែល​តែងតែ​ធ្វើសកម្មភាពនៅតាមបណ្តាប្រទេសនានា ក្នុងការផ្តួលរំលំរបបដឹកនាំ ដែលពួកគេមិនពេញចិត្ត ឬមិនបានដើរតាមបន្ទាត់នយោបាយរបស់ពួកគេ។

២-ការធ្វើសកម្មភាពបំពានកិច្ចសន្យា និង​ចចេស​រឹងរូស​មិនទទួលយកការសម្របសម្រួល​តាមផ្លូវច្បាប់ ៖ ក្រសួងការងារ និងអាជ្ញាធរមានសមត្ថកិច្ច បានខិតខំរិះរកគ្រប់លទ្ធភាព និងបាន​សម្របសម្រួលជាច្រើនលើកច្រើនសារ ដើម្បីដោះស្រាយបញ្ហាវិវាទការងារនៅក្រុមហ៊ុន NAGA WORLD ប៉ុន្តែក្រុមបាតុករ មិនមានឆន្ទៈដោះស្រាយបញ្ចប់បញ្ហានោះឡើយ។ ពួកគេ​បានបន្ត​ចេញធ្វើបាតុកម្ម​ទាំងបំពានច្បាប់​ និងមិនគោរព​តាមកិច្ចសន្យា ដែលបានអះអាងក្នុងការ​សុំឱ្យដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្ន ដែលពួកគេទាំង១១នាក់ បានស្នើសុំទៅសមត្ថកិច្ច។ តាមលិខិតសុំសិទ្ធិនៅក្រៅឃុំជាបណ្តោះអាសន្ន ពួកមេក្លោងបាតុកម្ម បានសន្យាថា រក្សា​ភាពស្ងប់ស្ងាត់ ដើម្បីបង្កឱកាសល្អក្នុងការ​ចរចា​ជាមួយក្រុមហ៊ុន និងក្រសួង ឈានទៅស្វែងរក​ដំណោះស្រាយ និងការទូទាត់សំណងតាមផ្លូវច្បាប់។ ប៉ុន្តែពួកគេមិនបានគោរពតាមកិច្ចសន្យាទេ ដោយនៅតែបន្តដឹកនាំធ្វើបាតុកម្មខុសច្បាប់ដដែល បន្ទាប់ពីត្រូវបានដោះលែង។

ក្រុមបាតុករ នៅតែរក្សាការទាមទារ ដូចមុនការស្នើសុំនៅក្រៅឃុំដដែល ដែលជាការអនុវត្តផ្ទុយ​ពី​កិច្ចសន្យា ហើយអ្វីដែលគួរឱ្យសោកស្តាយ ​គឺពួកគេបែរជានៅតែទាមទារយកបុគ្គលិកចំនួន ជាង៣០០នាក់ ឱ្យចូលធ្វើការវិញដដែល ជាមួយនឹងការបញ្ជាក់ថា បើក្រុមហ៊ុនមិនទទួលទេ ពួកគេមិនសុខចិត្តជាដាច់ខាត។ នេះជាការដើរត្រឡប់ថយក្រោយវិញ ដែលការទាមទារនេះ គឺខាងនិយោជក មិនសុខចិត្តទទួលយក បុគ្កលិកទាំងនោះជាដាច់ខាត។

ក្រសួងការងារបានបញ្ជាក់ថា តាមច្បាប់ការងារ ​សិទ្ធិរបស់ថៅកែក្រុមហ៊ុន គឺអាចបញ្ឈប់បុគ្គលិក​បាន ឱ្យតែដោះស្រាយតាមគោលការណ៍កំណត់ដោយច្បាប់ ហើយបើបុគ្គលិកកម្មករ មិនសុខ​ចិត្តនឹងការបញ្ឈប់ ឬបណ្តេញចេញនោះ ពួកគេអាចមានសិទ្ធិប្តឹងទៅតុលាការ។ ករណីថៅកែបញ្ឈប់ពីការងារហើយ គឺគ្មានទេការអនុញ្ញាតឱ្យចូលធ្វើការងារវិញ គឺមានតែយល់​ព្រមទទួលយកសំណងតែប៉ុណ្ណោះ​ ហើយបន្ទាប់ពីបញ្ឈប់ពីការងារ ពួកគេក៏គ្មានសិទ្ធិយកអ្នកថ្មី​មកប្តូរជំនួសបានដែរ។ កន្លងមកពួកបាតុករ បានព្យាយាមលាបពណ៌ដើម្បីបញ្ឆេះកំហឹងសាធារណៈ ដោយចោទប្រកាន់ថា អាជ្ញាធរលំអៀងទៅរកក្រុមហ៊ុន ហើយពួកគេបានបំផុសព័ត៌មានបំពុលថា ក្រុមហ៊ុននឹងបញ្ឈប់បុគ្គលិកជាង ៦០០នាក់ទៀត ដែលនឹងនាំឱ្យមានភាពច្របូលច្របល់។ ក្រៅពីបន្តធ្វើបាតុកម្មដោយខុសច្បាប់ លើសពីនេះពួកបាតុករ បានប្រើពាក្យសំដីអសីលធម៌ ញុះញង់​បង្កហេតុ និងថែមទាំងបង្កហិង្សាមកលើសមត្ថកិច្ចទៀតផង។

៣-ការបង្កអសន្តិសុខ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ៖

តាមការបញ្ជាក់ពីមន្ត្រីមានសមត្ថកិច្ច ការប្រមូលផ្តុំមនុស្សធ្វើបាតុកម្ម បំពានវិធានការរបស់អាជ្ញាធរ ព្រមទាំងផ្សព្វផ្សាយព័ត៌មានមិនពិត គឺជាទង្វើខុសច្បាប់ ហើយបាននឹងកំពុងបង្កផលប៉ះពាល់​ដល់​សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបំពាននូវវិធានការសុខាភិបាលស្តីពីការចូលរួមទប់​ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid-១៩។

រដ្ឋបាលសាលារាជធានីភ្នំពេញ ធ្លាប់បានជូនដំណឹងឱ្យក្រុមបាតុករ ទៅបញ្ចេញមតិនៅ​ទីលានប្រជាធិបតេយ្យ ដើម្បីចៀសវាងការបង្កអសន្តិសុខ ​និងខូចសណ្តាប់ធ្នាប់សាធារណៈ។ ប៉ុន្តែក្រុមបាតុករ មិនត្រឹមតែមិនធ្វើតាមការណែនាំ ថែមទាំងជេរប្រមាថលើកងកម្លាំងមានសមត្ថកិច្ច ដែលចុះរៀបចំសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយព័ត៌មានបំភ្លៃចោទប្រកាន់ថា សមត្ថកិច្ចបាន​ប្រើអំពើ​ហិង្សាលើក្រុមបាតុករ ដែលនាំទៅរកការយល់ច្រឡំពីសាធារណៈមតិ អំពីស្ថានការណ៍​ពិតប្រាកដ​នៃបាតុកម្ម ព្រមទាំងអាចនាំទៅរកការចលាចលណាមួយ ជាពិសេសគឺគៀកនឹងពេលវេលា ដែលកម្ពុជាកំពុងខិតជិតការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខែដើមមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ការដឹកនាំ ធ្វើបាតុកម្ម ដោយនិយាយថា ជាការធ្វើកូដកម្ម និងបានយកផ្លូវសាធារណៈ និងសួន ធ្វើជាចំណាប់ខ្មាំង គឺជាចេទនាបំភ័ន្តសាធារណមតិ។ ជាងនេះទៅទៀត ក្រុមអ្នកតវ៉ា បានចោទប្រកាន់ថា ក្រុមហ៊ុនលុបបំបាត់សហជីព ដែលនោះជាការចោទប្រកាន់​ដោយគ្មាន​ភស្តុតាង​ទាល់តែសោះ។ ជាការពិតការសម្តែងមតិ ឬការទាមទារសិទ្ធិណាមួយ ត្រូវស្ថិតនៅក្រោម​ច្បាប់​ជាធរមាន ​មិនអាចចេះតែទាមទារស្រេចតែចិត្តនោះទេ។ ជាមួយគ្នានេះដែរ មេសហជីពមិន​មានអភ័យឯកសិទ្ធិទេ ប៉ុន្តែបច្ចុប្បន្នពួកគេបាននឹងកំពុងធ្វើការតវ៉ា ដោយប្រើសិទ្ធិ​ជា​ប្រធាន​សហជីពក្អេងក្អាង ​និងបំពានលើច្បាប់ការងារ។

៤- ក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធ នៅតែរក្សាជំហរបន្តដោះស្រាយដោយសន្តិភាពវិធី ជាមួយ​ក្រុមបាតុករ ៖ ក្រសួងការងារបានបញ្ជាក់ឱ្យដឹងថា កន្លងមក ក្រសួងបានខិតខំដោះស្រាយវិវាទនេះ ស្រប​តាមនីតិវីធីច្បាប់​ ចាប់តាំងពីដំបូង រហូតដល់ពេលនេះ ដោយបានផ្សះផ្សាចំនួន៩លើក​រួចមកហើយ។ ក្រសួងបានបន្តនីតិវិធីនៃការចរចាសម្របសម្រួលដោយអញ្ជើញភាគីនិយោជិត និង​ភាគីនិយោជកមកប្រជុំដោះស្រាយបន្ត ​ប៉ុន្តែត្រូវបានភាគីនិយោជិតបដិសេដ។ ក្រសួងក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសហជីព ​និងអតីតបុគ្គលិក​ ឱ្យឈប់ធ្វើបាតុកម្ម ហើយងាក​មករកការដោះស្រាយវិវាទរួមគ្នា ដោយបញ្ជូនរឿងនេះទៅតុលាការ។

ក្រសួងក៏បានសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងការគណនាប្រាក់សំណងស្របតាមច្បាប់ និងតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីបន្ថែមអត្ថប្រយោជន៍ខ្លះទៀត ដល់កម្មករនិយោជិតដែលត្រូវបានបញ្ឈប់។

ជាលទ្ធផល គឺក្រុមហ៊ុនបានឯកភាព និងបានអនុវត្តការទូទាត់សំណងថ្មី និងផ្តើមទូទាត់ប្រាក់បំណាច់អតីតភាពការងារក្នុង ឆ្នាំ២០២១ ឡើងវិញ។ បើតាមក្រសួងការងារ គិតត្រឹមថ្ងៃទី១៥មីនា ២០២២ មានអតីតបុគ្គលិកចំនួន ជាង១៥០​នាក់ ក្នុងចំណោម ជាង៣០០នាក់ បានយល់ព្រមទទួលយកសំណង។ នៅសល់ត្រឹម ជាង២០០នាក់ប៉ុណ្ណោះ ដែលបន្តចចេសរឹងរូស។ ជាក់ស្តែង ក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច បានខិតខំដោះស្រាយវិវាទនេះ តាមនីតិវិធីច្បាប់ ដោយឈរលើស្មារតី អត់ធ្មត់ និងយោគយល់ខ្ពស់បំផុត។ ប៉ុន្តែគួរឱ្យសោកស្តាយ ដែល​វឌ្ឍនភាពថ្មីៗនៃកិច្ចចរចា មិនត្រូវបានក្រុមបាតុករ ទទួលយកនោះឡើយ ព្រោះតែ​ការញុះញង់ពីមេដឹកនាំសហជីពរបស់ពួកគេ។

គួរបញ្ជាក់ថា ការខិតខំប្រឹងប្រែងសម្របសម្រួលកន្លងមក គឺដើម្បីផ្តល់ឱកាសឱ្យក្រុម​បាតុករ​ធ្វើការពិចារណា និងភ្ញាក់រលឹក ព្រោះថាអ្វីដែលល្អសម្រាប់ក្រុមអតីតបុគ្គលិក​ NAGA WORLD នៅពេលនេះ គឺវិលទៅរកការចរចា ​ពិភាក្សាដោះស្រាយជម្លោះដោយសន្តិវិធី។ ពួកគេមិនគួរបន្តចាញ់បោកក្រុមសហជីពទៀតឡើយ។

ពួកមេក្លោងបាតុកម្ម គឺទទួលបានជំនួយសម្រាប់ចាយវាយពេញៗដៃ ប៉ុន្តែបងប្អូន​អតីត​បុគ្គលិកដែលកំពុងធ្វើបាតុកម្មតាមការរុញរបស់មេសហជីពវិញ ​គឺត្រូវជួបការលំបាក និង​ខាតបង់ទាំងពេលវេលា ដូច្នេះសូមទុកចិត្តលើស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហានេះ ហើយយកពេលវេលា និងថវិកា ទៅប្រកបមុខរបរចិញ្ចឹមជីវិតតទៅមុខទៀត៕

ពីអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm