អ៊ុយក្រែន៖ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានអះអាងថា បានកម្ទេចក្បួនរថក្រោះរុស្ស៊ីនៅជិតក្រុងគីវ។ រថក្រោះរុស្ស៊ីប្រមាណ ៨គ្រឿងដែលមានសញ្ញាអក្សរ 'V' ត្រូវបានគេមើលឃើញថាបានឆាបឆេះដោយការបំផ្លាញ។ ទាហានអ៊ុយក្រែនបានអះអាងថា កម្លាំងរុស្ស៊ីបានបំផ្លាញលំនៅឋានជាច្រើនខ្នងនៅក្នុងតំបន់នេះ ហើយបានទទួលនូវអ្វីដែលពួកគេសមនឹងទទួល។
កាលពីដើមសប្តាហ៍នេះរុស្ស៊ីបាននិយាយថា ពួកគេនឹងកាត់បន្ថយប្រតិបត្តិការសំខាន់នៅក្នុងតំបន់ជុំវិញទីក្រុងគីវ និងទីក្រុង Chernihiv នៅភាគខាងជើងដើម្បីបង្កើនទំនុកចិត្តរវាងភាគីទាំងពីរ និងជួយក្នុងការចរចាជាមួយគ្នា។ ប៉ុន្តែនៅតំបន់ជាយទីក្រុងគីវ អភិបាលតំបន់លោក Oleksandr Palviuk បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា កងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងលើទីក្រុង Irpin និង Makariv និងមានការប្រយុទ្ធគ្នានៅជុំវិញទីក្រុង Hostomel។ លោក Pavliuk និយាយថា មានការវាយបករបស់កងកម្លាំងអ៊ុយក្រែន ហើយកងទ័ពរុស្ស៊ីមួយចំនួនបានដកថយនៅជុំវិញជាយក្រុង Brovary ទៅភាគខាងកើត៕
អត្ថបទ៖ ប៊ុនថន