សារព័ត៌មាន Fars បានរាយការណ៍ថា ស្ពានផ្លូវហាយវេមួយ ដែលតភ្ជាប់រដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ ទៅកាន់ទីក្រុង Karaj ភាគខាងលិច ត្រូវបានរងគ្រោះដោយសារការវាយប្រហារតាមអាកាស នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែមេសា ឆ្នាំ២០២៦) នេះ ដោយបន្ថែមថា ការវាយតម្លៃដំបូងៗបង្ហាញពីមនុស្សរងរបួសជាច្រើននាក់ និងតំបន់ផ្សេងទៀតនៃទីក្រុង Karaj ត្រូវបានវាយប្រហារ។
សារព័ត៌មាន Fars បានបន្ថែមថា ស្ពាន B1 ត្រូវបានចាត់ទុកថា ជាស្ពានខ្ពស់បំផុត នៅតំបន់មជ្ឈិមបូព៌ា ហើយត្រូវបានសម្ពោធឲ្យប្រើប្រាស់នៅដើមឆ្នាំនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអ្នកកាសែតរបស់សារព័ត៌មាន AFP ម្នាក់ បានឲ្យដឹងមុននេះថា សំឡេងផ្ទុះខ្លាំងៗជាបន្តបន្ទាប់ បានកើតមាននៅរដ្ឋធានីអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យអគារញ័រ និងធ្វើឲ្យមានសំឡេងរំញ័រពាសពេញទីក្រុង។
ការផ្ទុះទាំងនេះត្រូវបានគេមានអារម្មណ៍ដឹងនៅភាគកណ្តាលទីក្រុងតេអេរ៉ង់ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រួមទាំងសារព័ត៌មាន Shargh daily បានរាយការណ៍ពីការផ្ទុះនៅភាគខាងលិច និងខាងកើតនៃទីក្រុងនេះ៕