លោក Ali Al-Aziz គឺជាពលរដ្ឋជម្លៀសខ្លួនមួយរូបមកពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ប្រទេសលីបង់ និយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកចង់ឲ្យសង្រ្គាមបញ្ចប់ឲ្យបានឆាប់បំផុត រយៈពេល ១ខែ ក្រោយអរិភាពផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ។
ចំណែកឯលោក Mohamed Zaitar គឺជាពលរដ្ឋលីបង់ជម្លៀសខ្លួនម្នាក់ទៀត បានបង្ហាញពីកង្វះខាតសុទិដ្ឋិនិយមរបស់លោកចំពោះដំណោះស្រាយសង្រ្គាម ។ លោកថា តាមគំនិតរបស់លោក សង្រ្គាមនេះ នឹងបន្តមួយរយៈពេលទៀត ។
លីបង់បានធ្លាក់ចូលសង្រ្គាមមជ្ឈិមបូព៌ា ពេលដែលក្រុមហេសបូឡា វាយប្រហារគ្រាប់រ៉ុក្កែតលើអ៊ីស្រាអែល ជាការបង្ហាញសាមគ្គីភាពជាមួយទីក្រុងតេអេរ៉ង់ រយៈពេល ២ថ្ងៃប៉ុណ្ណោះ ក្រោយអ៊ីរ៉ង់រងការវាយប្រហារពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។
ការវាយប្រហាររបស់ក្រុមហេសបូឡា ជំរុញឲ្យមានយុទ្ធនាការជើងគោកថ្មីរបស់អ៊ីស្រាអែល ហើយនិងការវាយប្រហារតាមច្រកអាកាស ។
ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ១.៣០០នាក់ នៅលីបង់ និងមនុស្សជាង ១លាននាក់ផ្សេងទៀត ជម្លៀសខ្លួន ។ អ៊ីស្រាអែលនិយាយថា ពួកគេមានបំណងគ្រប់គ្រងតំបន់ទ្រនាប់ជម្រៅ ៣០គ.មចូលទៅក្នុងទឹកដីលីបង់ ៕