ក្រសួងការពារជាតិរុស្ស៊ីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងមីស៊ីលយុទ្ធសាស្រ្តរុស្ស៊ី បានធ្វើសមយុទ្ធនៅតំបន់ស៊ីបេរី ពាក់ព័ន្ធនឹងការបំលាស់ទីមីស៊ីលបាលីស្ទិកអន្តរទ្វីប Yars ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។
ក្រសួងបន្តថា កងកម្លាំងរុស្ស៊ីបានធ្វើសមយុទ្ធនូវសកម្មភាពជាច្រើនរួមទាំងការប្រើប្រាស់យុទ្ធសាស្រ្តបំពួន ដើម្បីបិទបាំងមីស៊ីលនៅកណ្តាលវាល ។
ពួកគេបានធ្វើសមយុទ្ធឆ្លើយតបនឹងការវាយប្រហាររបស់សត្រូវផងដែរ ហើយនិងទប់ទល់ជាមួយអាវុធវាយប្រហារតាមច្រកអាកាស ។ ក្រសួងការពារជាតិរុស្ស៊ី ពុំបានរាយការណ៍ពីការបាញ់មីស៊ីលណាមួយនោះឡើយ ។
សូមបញ្ជាក់ថា រុស្ស៊ីតែងតែធ្វើសមយុទ្ធកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីសាកល្បងការត្រៀមខ្លួនប្រយុទ្ធរបស់ពួកគេ ហើយនិងបញ្ជូនសញ្ញាព្រមានដល់លោកខាងលិច នៅពេលភាពតានតឹងឡើងកម្តៅខ្លាំងជាមួយសត្រូវណាតូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ៕