នៅថ្ងៃព្រហស្បតិ៍នេះ ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបាកដាដ បានជំរុញពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ីរ៉ាក់ ដោយពួកគេព្រមានពីការវាយប្រហារនៅរដ្ឋធានីមួយនេះ ដោយក្រុមជីវពលដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ក្នុងរយៈពេល ២៤-៤៨ម៉ោងទៀតនេះ ។
នៅក្នុងការប្រកាសអាសន្នសន្តិសុខ ស្ថានទូតអាមេរិកនិយាយថា ក្រុមជីវពលអាចនឹងមានគោលដៅលើពលរដ្ឋសហរដ្ឋអាមេរិក អគារស្ថានទូត ទីកន្លែងធុរកិច្ច និងទីតាំងផ្សេងទៀត មានទំនាក់ទំនងនឹងសហរដ្ឋអាមរិក ក៏ដូចជាស្ថាប័នស៊ីវិល និងរដ្ឋាភិបាលអ៊ីរ៉ាក់ ។
ស្ថានទូតបន្តថា ក្រុមជីវពលភេរវកម្មមានគោលដៅលើពលដ្ឋអាមេរិកសម្រាប់ការចាប់ជម្រិត ។ នគរបាលនិយាយថា អ្នកកាសែតស្រីអាមេរិកម្នាក់ ត្រូវបានចាប់ជម្រិតនៅទីក្រុងបាកដាដកាលពីថ្ងៃអង្គារ ហើយក្រុមអាជ្ញាធរ កំពុងស្វែងរកគាត់នៅក្នុងទីក្រុងមួយនេះ ។
សូមបញ្ជាក់ថា មនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់នៅទូទាំងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈរហូតមក ពេលដែលសហរដ្ឋអាមរិក និងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ បង្កឲ្យមានការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើអ៊ីស្រាអែល មូលដ្ឋានទ័ពសហរដ្ឋអាមេរិក និងបណ្តារដ្ឋក្នុងតំបន់ឈូងសមុទ្រ ខណៈបើកជួរមុខថ្មីនៅប្រទេសលីបង់ផងដែរ ៕