បាល់ទាត់៖ ក្លិបបាល់ទាត់នៅក្របខ័ណ្ឌកំពូល English Premier League បានចំណាយលុយសរុបជិត ៣០០លានផោនគ្រាន់តែទៅលើភ្នាក់ងារទិញដូរកីឡាករប៉ុណ្ណោះសំរាប់រដូវកាល ២០២១-២០២២ ស្របពេលដែល Manchester City ឈរលើគេ។

Manchester City ដែលទិញចូល Jack Grealish តំលៃ ១០០លានផោនកាលពីដើមរដូវកាលបូករួមជាមួយកីឡាករផ្សេងទៀត រួមជាមួយនឹងកិច្ចសន្យាថ្មីថែមទៀតនោះបានចំណាយជាង ៣៥លានផោនលើភ្នាក់ងារ។ Man United ឈរលេខ ២ ចំណាយអស់ ២៩លានផោន និង Chelsea លេខ ៣ ចំណាយអស់ ២៨.២លានផោន។ Brentford ជាក្លិបដែលចំណាយអស់តិចជាងគេលើភ្នាក់ងារត្រឹម ៣.៥លានផោនប៉ុណ្ណោះ។
ស្ថិតិដែលបានផ្តល់ឱ្យដោយ FA អង់គ្លេសបានឱ្យថា ការចំណាយលើភ្នាក់ងារសរុបនៅ Premier League មានចំនួន ២៧២.៦លានផោនពោលគឺកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ប្រើប្រៀបធៀបនឹងឆ្នាំមុនដែលមានចំនួន ២៧២.២លានផោន។ ចំណែកឯនៅក្របខ័ណ្ឌ League Championship វិញការចំណាយលើភ្នាក់ងារសរុបមានចំនួន ៤៤.៤លានផោនកើនឡើងជាងឆ្នាំមុនដែលចំណាយ ៤០.៨លានផោន។ Fulham ជាក្លិបដែលចំណាយច្រើនជាងគេ ១០.១លានផោន ខណៈលេខ ២ គឺ West Brom ៤.១លានផោន៕
អត្ថបទ៖នាង សុភាវុធ