ស្ថានភាពអាកាសធាតុអាក្រក់នៅតែបន្តវាយប្រហារតំបន់ភាគខាងត្បូង និងតំបន់ភាគកណ្តាលប្រទេសអ៊ីតាលីនាថ្ងៃព្រហស្បតិ៍នេះ ក្នុងនោះភ្លៀងធ្លាក់ខ្លាំង ព្រិលធ្លាក់ និងខ្យល់បក់ខ្លាំង បណ្តាលឲ្យកើតមានទឹកជំនន់ ការជម្លៀសខ្លួន និងការបង្អាក់ទ្រង់ទ្រាយធំ ដល់ការធ្វើចរាចរណ៍តាមផ្លូវ និងផ្លូវរថភ្លើង ។
ការប្រកាសអាសន្នអាកាសធាតុកម្រិតពណ៌ក្រហម ត្រូវបានដាក់នៅតំបន់ Abruzzo, Puglia និងតំបន់ Molise ជាទីដែលស្ពានបាក់នៅលើទន្លេ Trigno តភ្ជាប់ជាមួយផ្លូវហាយវ៉េ Adriatic ជិតតំបន់ Montenero di Bisaccia ។
នៅតំបន់ Molise ផ្លូវថ្នល់ត្រូវបានស្តាឡើងវិញកាលពីយប់កន្លងទៅនៅទីក្រុង Pescopennataro ក្នុងនោះក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានជួយបោសសម្អាតផ្លូវទៅកាន់ជ្រលងភ្នំ Sangro ។
នៅតំបន់ Marche បំណាក់ដីក្នុងទីក្រុង Acquasanta Terme បានវាយប្រហារអ្នកភូមិ ខណៈនៅទីក្រុង Trisungo di Arquata del Tronto ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានបង្ហូរទឹកនៅផ្លូវក្រោមដីដែលរងការជន់លិច ធ្វើឲ្យអាក់ខានដល់ការធ្វើចរាចរណ៍ ៕