ប្រទេសមានជនមូស្លីមភាគច្រើនចំនួន ៨ បានចេញនូវសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ ដោយបានធ្វើការថ្កោលទោសខ្លាំងៗលើសំណើច្បាប់តែម្ខាងរបស់អ៊ីស្រាអែល ក្នុងការដាក់ទោសប្រហារជីវិតលើជនប៉ាឡេស្ទីនដែលត្រូវបានកាត់ទោសសម្រាប់ការវាយប្រហារស្លាប់មនុស្ស ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយទីក្រុងអ៊ីស្លាម៉ាបាដនាថ្ងៃព្រហស្បតិ៍នេះនិយាយថា ប៉ាគីស្ថាន ទួរគី អេហ្ស៊ីប ឥណ្ឌូនេស៊ី ហ៊្សកដានី កាតា អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម បានថ្កោលទោសការអនុវត្តបែបរើសអើងកើនឡើងរបស់អ៊ីស្រាអែល ។
សភាអ៊ីស្រាអែលបានអនុម័តសេចក្តីស្នើច្បាប់ជម្លោះកាលពីថ្ងៃចន្ទ គឺជាច្បាប់តែម្ខាងមិនអនុវត្តលើជនជាតិជ្វីហ្វអ៊ីស្រាអែលដែលត្រូវបានកាត់ទោសពីបទឃាតកម្ម ។
ការអនុម័តសេចក្តីស្នើច្បាប់នេះ បានក្លាយជាជោគជ័យដ៏ធំមួយសម្រាប់ក្រុមនិយមស្តាំអ៊ីស្រាអែល ក្នុងនោះរដ្ឋមន្រ្តីសន្តិសុខជាតិលោក Itamar Ben-Gvir បានជំរុញឲ្យអនុម័តវា ថាជាលក្ខខណ្ឌដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងក្រុមចម្រុះគណបក្សអំណាចជនជាតិជ្វីហ្វរបស់លោកជាមួយលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ។
ប្រទេសទាំង ៨នេះ បានបង្ហាញក្តីបារម្ភខ្លាំងផងដែរចំពោះស្ថានភាពរបស់អ្នកទោសប៉ាឡេស្ទីននៅក្នុងពន្ធនាគារអ៊ីស្រាអែល ដោយពួកគេព្រមានពីហានិភ័យកើនឡើង ស្របពេលមានរបាយការណ៍ពីការបំពាន រួមទាំងការធ្វើទារុណកម្ម ការធ្វើបាបដ៏អមនុស្សធម៌ ភាពអត់ឃ្លាន និងការបំពានសិទ្ធិមនុស្ស ៕