សមាជិកសភាដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសនេប៉ាល់ បានជួបជុំគ្នា នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែមេសា ឆ្នាំ២០២៦) នេះ សម្រាប់សម័យប្រជុំសភាលើកដំបូង គិតចាប់តាំងពីការតវ៉ាដ៏អាក្រក់ ប្រឆាំងអំពើពុករលួយ បានផ្តួលរំលំរដ្ឋាភិបាលក្នុងខែកញ្ញា ឆ្នាំ២០២៥ និងបានធ្វើឲ្យអគារសភាចាស់ត្រូវបានឆេះក្នុងអណ្ដាតភ្លើង។
សមាជិកសភាដែលបានជាប់ឆ្នោតក្នុងខែមីនា បានជួបប្រជុំគ្នានៅក្នុងអគារសភាថ្មី ដោយមានអ្នកនយោបាយជាច្រើន បានចាប់ផ្ដើមតំណែងជាសមាជិកសភាជាលើកដំបូង។
កិច្ចប្រជុំនោះ រួមមានទាំងមេដឹកនាំថ្មីនៃប្រទេសតំបន់ហិមាល័យ គឺលោកនាយករដ្ឋមន្ត្រី Balendra Shah ជាអ្នកចម្រៀងរ៉េបប្រែក្លាយទៅជាអ្នកនយោបាយ ដែលបានដឹកនាំគណបក្ស Rastriya Swatantra (RSP) ឲ្យឈ្នះការបោះឆ្នោត ដោយទទួលបានអាសនៈចំនួន ១៨២ ក្នុងចំណោម ២៧៥អាសនៈ ដែលខ្វះតែបន្តិចប៉ុណ្ណោះពីសំឡេងភាគច្រើនដាច់ខាត ២ភាគ៣។
លោកនាយករដ្ឋមន្ត្រីវ័យ ៣៥ឆ្នាំ មិនបាននិយាយអ្វីជាសាធារណៈឡើយ ចាប់តាំងពីគណបក្ស RSP របស់លោក បានឈ្នះការបោះឆ្នោត ក្រៅតែពីបានថ្លែងនៅក្នុងពិធីស្បថចូលកាន់តំណែង និងការចេញបទចម្រៀងរ៉េប ដែលលោកបានរៀបរាប់ថា «កម្លាំងនៃឯកភាព» គឺជា «អំណាចជាតិ»។
លោក Rabi Lamichhane ប្រធានគណបក្ស RSP បានថ្លែងទៅកាន់សមាជិកសភាថ្មី នៅថ្ងៃទី២ ខែមេសា នេះ។ លោកបាននិយាយថា៖ «សន្លឹកឆ្នោតដែលយើងទទួលបានមិនមែនគ្រាន់តែជាការគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការផ្លាស់ប្តូរថែមទៀតផង ហើយខ្ញុំអាចនិយាយដោយមោទនភាពថា យើងបានចាប់ផ្តើមការផ្លាស់ប្តូរនោះ។ ការងាររបស់យើង និងការងាររបស់រដ្ឋាភិបាល នឹងបង្ហាញឲ្យឃើញ»។
សភាថ្មីនេះ ត្រូវបានសម្គាល់ដោយសមាជិកវ័យក្មេង បើប្រៀបធៀបនឹងរដ្ឋាភិបាលមុន ដោយមានសមាជិកជាប់ឆ្នោតដោយផ្ទាល់ជិត ៦០នាក់ដែលមានអាយុក្រោម ៤០ឆ្នាំ៕