ប្រទេសអ៊ីរ៉ង់មិនមានបំណងចង់បង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមឲ្យដល់កម្រិតដែលត្រូវការ ដើម្បីផលិតគ្រាប់បែកបរមាណូឡើយ។ នេះបើយោងតាមបេសកជនរបស់ទីក្រុងតេអេរ៉ង់ ប្រចាំទីភ្នាក់ងារបរមាណូរបស់អង្គការសហប្រជាជាតិ ដែលបានប្រាប់សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែមេសា ឆ្នាំ២០២៦) នេះ។
លោក Reza Najafi ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ក៏បាននិយាយផងដែរថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr របស់សាធារណរដ្ឋឥស្លាម គឺជា «ឧក្រិដ្ឋកម្មសង្គ្រាម» ក្រោមច្បាប់អន្តរជាតិ។
អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចោទប្រកាន់ជាយូរមកហើយថា អ៊ីរ៉ង់មានមហិច្ឆតាចង់ផលិតអាវុធនុយក្លេអ៊ែរ ដោយប្រធានាធិបតីអាមេរិក លោក Donald Trump អះអាងការគំរាមកំហែងនោះជាហេតុផល សម្រាប់ជម្លោះទាំងរយៈពេល ១២ថ្ងៃ ក្នុងឆ្នាំ២០២៥ និងសង្គ្រាមកំពុងបន្តមានដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ប៉ុន្តែលោក Najafi បានជំទាស់ថា ហេតុផលនេះ ដែលអះអាងថា ទីក្រុងតេអេរ៉ង់ កំពុងស្វែងរកការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមឲ្យដល់កម្រិតដែលត្រូវការ ដើម្បីផលិតអាវុធបរមាណូ គឺជាការកុហក។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AFP លោក Najafi បានបដិសេធថា ទីក្រុងតេអេរ៉ង់ មិនបាន «ចាប់ផ្តើមចម្រាញ់ឡើងវិញ» នូវអ៊ុយរ៉ានីញ៉ូមវិទ្យុសកម្ម បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើរោងចក្រនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាម កាលពីខែមិថុនាឆ្នាំមុន។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AFP នោះ អ្នកតំណាងអ៊ីរ៉ង់រូបនេះ បាននិយាយថា «យើងមិនបានចាប់ផ្តើម ដូចការអះអាង ដែលថា អ៊ីរ៉ង់ចង់ចាប់ផ្តើមបង្កើនការចម្រាញ់ឡើងវិញ យើងមិនបានចាប់ផ្តើមបង្កើនការចម្រាញ់ឡើងវិញទេ ហើយវាគឺជាការនិយាយកុហក ជាការកុហកដ៏ធំ ដូចជាការកុហកផ្សេងទៀតដែរ»៕