យោងតាមការចេញផ្សាយរបស់នគរបាលបានឲ្យដឹងថា បុរសម្នាក់ដែលបន្លំខ្លួនជាឪពុកម្តាយ បានចាក់សម្លាប់កុមារបួននាក់នៅសាលាអភិវឌ្ឍន៍កុមារតូច ក្នុងរដ្ឋធានី Kampala ប្រទេសអ៊ុយហ្គង់ដា កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា។

អ្នកនាំពាក្យនគរបាលម្នាក់ បាននិយាយថា អ្នកវាយប្រហារ បានទៅសាលារៀននេះពីរបីថ្ងៃមុនដើម្បីចូលបង់ថ្លៃសិក្សាមុនពេលវាយប្រហារកុមារដោយកាំបិត ដោយជនរងគ្រោះទាំងអស់សុទ្ធតែជាអនីតិជនដែលបានចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលនេះ។
អាជ្ញាធរបាននិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ហើយកំពុងស្ថិតក្នុងការឃុំខ្លួនរបស់នគរបាល។ ហេតុផលរបស់បុរសនេះនៅមិនទាន់ច្បាស់ភ្លាមៗនៅឡើយ។
អ្នកនាំពាក្យនគរបាលក្រុង Kampala បាននិយាយថា «បុរសនេះត្រូវបានគេប្រាប់ឱ្យត្រឡប់ចេញទៅវិញ ប៉ុន្តែមុនចាកចេញ បានវាយប្រហារកុមារដែលកំពុងលេងនៅក្នុងបរិវេណសាលារៀន»។
ការវាយប្រហារដោយហិង្សានៅសាលារៀន កម្រកើតមានណាស់នៅក្នុងប្រទេសអ៊ុយហ្គង់ដា ហើយហេតុការណ៍នេះបានបង្កឱ្យមានការអំពាវនាវជាថ្មីសម្រាប់សន្តិសុខកាន់តែតឹងរ៉ឹងនៅតាមស្ថាប័នអប់រំ ជាពិសេសស្ថាប័នដែលផ្តល់សេវាដល់កុមារតូច ដោយពលរដ្ឋបានស្នើសុំឱ្យរដ្ឋាភិបាលធ្វើឲ្យប្រសើរសន្តិសុខនៅតាមសាលារៀន។