ក្រុមអ្នកជំនាញច្បាប់អន្តរជាតិរាប់សិបនាក់នៅក្នុងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើលិខិតចំហមួយ ដោយលើកឡើងថា ការវាយប្រហាររបស់អាមេរិកទៅលើអ៊ីរ៉ង់ អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់សារជាថ្មីនូវការគំរាមកំហែងរបស់លោកនៅសប្តាហ៍នេះ ក្នុងការវាយប្រហារលើរោងចក្រអគ្គិសនី និងរោងចក្របន្សាបទឹកប្រៃរបស់អ៊ីរ៉ង់។

លោក Trump ដែលកន្លងមកធ្លាប់បានផ្តល់នូវកាលវិភាគ និងគោលដៅមិនច្បាស់លាស់សម្រាប់សង្គ្រាម បានថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធថា សង្គ្រាមអាចនឹងរីកធំឡើង ប្រសិនបើអ៊ីរ៉ង់ មិនព្រមធ្វើតាមលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោនទេនោះ ដោយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងប្រេងកាត គឺអាចនឹងកើតមានឡើង។
អ្នកជំនាញច្បាប់អន្តរជាតិជាង ១០០នាក់ នៅអាមេរិក រួមទាំងអ្នកជំនាញមកពីសាកលវិទ្យាល័យល្បីៗដូចជា សាកលវិទ្យាល័យ Harvard សាកលវិទ្យាល័យ Yale សាកលវិទ្យាល័យ Stanford និងសាកលវិទ្យាល័យ California បានលើកឡើងក្នុងលិខិតដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (២ មេសា) ថា ការប្រព្រឹត្តរបស់កងកម្លាំងអាមេរិក និងសេចក្តីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់អាមេរិក «បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរំលោភលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងលទ្ធភាពនៃឧក្រិដ្ឋកម្មសង្គ្រាមផងដែរ»។
លិខិតនោះបានកត់សម្គាល់ជាពិសេសចំពោះសុន្ទរកថាកាលពីពាក់កណ្តាលខែមីនារបស់លោក Trump ដែលលោកបាននិយាយថា អាមេរិកអាចនឹងធ្វើការវាយប្រហារលើអ៊ីរ៉ង់ «គ្រាន់តែដើម្បីការកម្សាន្ត»។ លិខតនោះក៏ដកស្រង់សម្តីរបស់ប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth កាលពីដើមខែមីនា ដែលលោកលើកឡើងថា អាមេរិកមិនប្រយុទ្ធដោយប្រើ «ច្បាប់នៃការប៉ះទង្គិចដ៏ល្ងង់ខ្លៅ» នោះទេ៕


