កិច្ចប្រជុំដឹកនាំដោយចក្រភពអង់គ្លេសនៃប្រទេសប្រមាណ ៤០ ស្ដីពីវិបត្តិច្រកសមុទ្រ Hormuz បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍២ មេសា សប្ដាហ៍នេះ ជាមួយនឹងការទាមទារឱ្យមានការបើកផ្លូវដឹកជញ្ជូនដ៏សំខាន់ឡើងវិញជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ប៉ុន្តែពុំមានលទ្ធផលភ្លាមៗនោះទេ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Yvette Cooper បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីរ៉ង់កំពុងព្យាយាមចាប់សេដ្ឋកិច្ចពិភពលោកជាចំណាប់ខ្មាំងនៅក្នុងច្រកសមុទ្រ Hormuz។ ពួកគេមិនត្រូវឈ្នះឡើយ។

លោកស្រីបានបន្ថែមថា ដោយហេតុនេះ ដៃគូនៅថ្ងៃនេះបានអំពាវនាវឱ្យមានការបើកច្រកសមុទ្រឡើងវិញជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងការគោរពគោលការណ៍ជាមូលដ្ឋាននៃសេរីភាពការធ្វើនាវាចរណ៍ និងច្បាប់សមុទ្រ។
ច្រកសមុទ្រនេះត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ២០២៦ ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ទំនិញសំខាន់ៗទូទាំងពិភពលោក រួមទាំងប្រេង ឧស្ម័នធម្មជាតិរាវ និងជីកសិកម្មជាដើម ដែលជាដើមចមនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃថាមពល។
លោកស្រី Cooper បានបន្ថែមថា រដ្ឋមន្ត្រីការបរទេស និងតំណាងដែលបានចូលរួមក្នុងជំនួបតាមអនឡាញបានពិភាក្សាអំពីវិស័យជាច្រើននៃ សកម្មភាពរួម និងសម្របសម្រួលដែលអាចធ្វើទៅបាន។
លោកស្រីថា ចំណាត់ការនេះអាចរួមបញ្ចូលទាំងសម្ពាធការទូតកាន់តែខ្លាំង រួមទាំងតាមរយៈអង្គការសហប្រជាជាតិ ក៏ដូចជាទណ្ឌកម្មដែលអាចកើតមានផងដែរ។
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងដើម្បីការពារផ្លូវទឹកដ៏សំខាន់នេះ៕


