យោងតាមកងទ័ពបានឲ្យដឹងថា មនុស្សជាង៤០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយដោយក្រុមឧទ្ទាមមានទំនាក់ទំនងជាមួយក្រុមអាយស៊ីស(ISIS) នៅភាគឦសានសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(DRC)។

អ្នកនាំពាក្យកងទ័ពប្រចាំតំបន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ «ជនរួមជាតិ ៤៣ នាក់ត្រូវបានសម្លាប់ និងលំនៅឋាន ៤៤ ខ្នងត្រូវបានដុតបំផ្លាញ» ក្នុងអំឡុងការវាយប្រហារកាលពីថ្ងៃមុន នៅតំបន់ Mambasa ខេត្ត Ituri។ អាជ្ញាធរ បានស្តីបន្ទោសការវាយប្រហារនេះទៅលើកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) ជាក្រុមមួយដឹកនាំដោយអតីតឧទ្ទាមអ៊ូហ្កង់ដា ដែលបានស្បថភក្ដីភាពចំពោះក្រុមអាយស៊ីស។

កងទ័ព បានតតាំងដើម្បីទប់ស្កាត់ក្រុមនេះ ខណៈខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមជាច្រើនក្រុមផ្សេងទៀតនៅភាគខាងកើត ជាក្រុមលេចធ្លោបំផុតគឺក្រុម M23 គាំទ្រដោយប្រទេសរ៉្វាន់ដា ដែលកាលពីឆ្នាំមុនបានដណ្តើមយកទីក្រុង Goma ជាទីក្រុងធំបំផុតនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ព្រមទាំងទីក្រុងធំៗជាច្រើនទៀត។ លោក Baptiste Munyapandi អ្នកគ្រប់គ្រងដែនដី Mambasa បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រតិបត្តិការស្វែងរកកំពុងបន្ត ហើយចំនួនអ្នកស្លាប់អាចកើនឡើង។
ចំនួនអ្នកប្រយុទ្ធរបស់កងកម្លាំងADF នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែពួកគេមានវត្តមានយ៉ាងសំខាន់នៅក្នុងតំបន់។ ការវាយប្រហាររបស់កងកម្លាំង ADF ទៅលើជនស៊ីវិលបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះនៅក្នុងតំបន់មួយចំនួននៃខេត្ត Ituri និងខេត្ត North Kivu ដែលនៅជិតខាង ទោះបីជាមានប្រតិបត្តិការយោធារួមគ្នារវាងកុងហ្គោ និងអ៊ូហ្កង់ដា ប្រឆាំងនឹងក្រុមនេះដែលបានចាប់ផ្តើមនៅឆ្នាំ២០២១ ក៏ដោយ។