បាល់ទាត់៖ លោក ចាន់ ពេញ គ្រូបង្វឹកក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង បានស្នើសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើការពិចារណាក្នុងការកំណត់ពេលវេលា និងទីកន្លែងសុវត្ថិភាពដើម្បីរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជម្រើសជើងឯកបាល់ទាត់លីគនារីឆ្នាំ២០២០ ដែលក្រុមខ្លួនត្រូវជួបជាមួយក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏។
ការលើកឡើងបែបនេះ បន្ទាប់ពីសហព័ន្ធបានសម្រេចពន្យាពេល ការប្រកួតវគ្គផ្ដាច់ព្រ័ត្រលីគនារីកាលពីថ្មីៗ ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក្រោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។ តែក្រោមហេតុផលលីគបុរសអាចប្រកួតបាន ចុះហេតុអ្វីវគ្គផ្ដាច់ព្រ័ត្រលីគនារីមិនអាចប្រកួតបាននោះ លោក ចាន់ ពេញ បានស្នើសហព័ន្ធគួរពិចារណាដើម្បីបញ្ចប់ការប្រកួតចុងក្រោយ ខណៈព្រះខ័នរាជស្វាយរៀងបានត្រៀមខ្លួនជានិច្ច សម្រាប់ការប្រកួតដ៏សំខាន់នេះ ។ គួរបញ្ជាក់ថា មុនឡើងវគ្គផ្ដាច់ព្រ័ត្រលីគនារី ក្រុមព្រះខ័នរាជស្វាយរៀងបានទម្លាក់ក្រុមនារីខេត្ដបាត់ដំបង ដោយលទ្ធផល ២-១ ក្នុងវគ្គ Play-Off ហើយបានបន្ដយកឈ្នះក្រុមខ្លាំងភ្នំពេញក្រោន ដោយលទ្ធផល ៣-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅ ។
ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏ដែលជាក្រុមកំពូលតារាង ដំបូងឡើយគ្រោងប្រកួតនៅពហុកីឡដ្ឋានជាតិតាំងពីថ្ងៃទី២៨ ខែកុម្ភៈម្ល៉េះ តែដោយសារស្ថានភាពជំងឺកូវីដ-១៩ មានការរីករាលដាលកាន់តែខ្លាំងនៅកម្ពុជា សហព័ន្ធក៏សម្រេចលើកពេលតែម្ដង ដោយរហូតមកទល់ពេលនេះ នៅមិនទាន់កំណត់កាលបរិច្ឆេទថ្មីនោះទេ៕
អត្ថបទ៖ លី ឈុនឡា