កាលពីថ្ងៃពុធសប្ដាហ៍នេះ អង្គការណាសា របស់សហរដ្ឋអាមេរិក បានបញ្ជូនអវកាសយានិកចំនួន ៤រូប ក្នុងបេសកកម្មនាំមនុស្សទៅកាន់ឋានព្រះចន្ទ ជាលើកដំបូងបង្អស់ក្នុងរយៈពេលកន្លះសតវត្សរ៍មកនេះ ដើម្បីត្រៀមខ្លួនសម្រាប់ឱ្យមនុស្សចុះចតជាលើកដំបូងនៅតំបន់ប៉ូលខាងត្បូងនៃព្រះចន្ទក្នុងឆ្នាំ២០២៨ ខណៈការប្រកួតប្រជែងលំហអាកាសរវាងសហរដ្ឋអាមេរិក និងចិន កាន់តែឡើងកម្ដៅ ដោយទីក្រុងប៉េកាំង ក៏មានបេសកកម្មដូចគ្នានេះនៅឆ្នាំ២០៣០។

កន្លងមក ចិនបានបញ្ជូនតែយានអវកាសទៅព្រះចន្ទប៉ុណ្ណោះ ប៉ុន្តែបេសកកម្មទាំងនោះបង្ហាញឱ្យឃើញពីភាពរីកចម្រើនយ៉ាងរហ័សនៃសមត្ថភាពលំហអាកាសរបស់ខ្លួន ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទឱ្យបាននៅឆ្នាំ២០៣០។
បច្ចុប្បន្ន ចិនកំពុងរៀបចំគ្រឿងបរិក្ខារបច្ចេកទេសផ្សេងៗដែលចាំបាច់សម្រាប់ការចុះចតបែបនេះ។ កាលពីខែសីហាឆ្នាំមុន ចិនបានធ្វើតេស្តយានចុះចតលើផ្ទៃព្រះចន្ទ ដែលខ្លួនសង្ឃឹមថា នឹងអាចនាំយកជនជាតិចិនដំបូងគេបង្អស់ទៅដល់ទីនោះក្នុងឆ្នាំ២០៣០។
យោងតាមលោក Wu Weiren ប្រធានអ្នករចនាកម្មវិធីរុករកឋានព្រះចន្ទរបស់ចិន បានឱ្យដឹងថា ការសម្រេចបាននូវការចុះចតរបស់មនុស្សមុនឆ្នាំ២០៣០ នឹងជំរុញដល់ផែនការរបស់ចិន ក្នុងការកសាង «គំរូគ្រឹះ» នៃស្ថានីយស្រាវជ្រាវឋានព្រះចន្ទអន្តរជាតិ (ILRS) នៅឆ្នាំ២០៣៥ ដែលនឹងរួមបញ្ចូលនូវ «មធ្យោបាយវិទ្យាសាស្ត្រគ្រប់ជ្រុងជ្រោយ» ក៏ដូចជា «ការអភិវឌ្ឍ និងការទាញយកផលប្រយោជន៍ពីធនធានក្នុងកម្រិតជាក់លាក់ណាមួយ» ផងដែរ។
ក្នុងខែមិថុនា ឆ្នាំ២០២៤ ចិនបានក្លាយជាប្រទេសដំបូងគេដែលរកឃើញសំណាកព្រះចន្ទពីផ្ទៃចំហៀងដ៏ឆ្ងាយនៃឋានព្រះចន្ទ បន្ទាប់ពីបានបញ្ជូនយានអវកាស ឆាងអឺ៦ របស់ខ្លួនទៅប៉ូលខាងត្បូង៕


