កម្មករចំណាកស្រុកនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា បានវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ដោយសារតែតម្លៃកើនឡើងខ្ពស់ និងលទ្ធភាពទទួលបានឧស្ម័នមានកម្រិត ទាក់ទងនឹងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលបានធ្វើឱ្យជីវភាពប្រចាំថ្ងៃកាន់តែមិនអាចផ្គត់ផ្គង់បាន។

ប្រទេសឥណ្ឌា ជាប្រទេសនាំចូលឧស្ម័ន LPG ធំបំផុតទីពីររបស់ពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងវិបត្តិឧស្ម័នដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយរដ្ឋាភិបាល បានកាត់បន្ថយការផ្គត់ផ្គង់សម្រាប់ឧស្សាហកម្ម ដើម្បីការពារគ្រួសារនានាពីកង្វះឧស្ម័នចម្អិនអាហារ។

កម្មករ បាននិយាយថា តម្លៃឧស្ម័នសម្រាប់ចម្អិនអាហារ បានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈការទទួលបានឧស្ម័នកាន់តែពិបាក ដែលធ្វើឱ្យថវិកាគ្រួសារកាន់តែតានតឹង។
សម្រាប់អ្នករកប្រាក់ឈ្នួលប្រចាំថ្ងៃជាច្រើន ឧស្ម័នចម្អិនអាហារគឺជាការចំណាយប្រចាំខែដ៏សំខាន់ ហើយការកើនឡើងតម្លៃបានបង្ខំឱ្យមនុស្សមួយចំនួនពិចារណាឡើងវិញអំពីការស្នាក់នៅក្នុងទីក្រុងដែលប្រាក់ចំណូលមិនអាចផ្គត់ផ្គង់តម្រូវការតាមការកើនឡើងការចំណាយលើជីវភាពរស់នៅបាន។
ដើម្បីដោះស្រាយវិបត្តិឧស្ម័ន ប្រទេសឥណ្ឌា បានបង្កើនការផលិតឧស្ម័នក្នុងស្រុកប្រចាំថ្ងៃចំនួន ៤០% ដល់ ៥០.០០០តោន ទប់នឹងតម្រូវការ ៨០.០០០តោន ហើយក្រុមហ៊ុនរបស់ប្រទេសឥណ្ឌា បានទទួលឧស្ម័នចំនួន ៨០០.០០០ តោន ពីសហរដ្ឋអាមេរិក រុស្ស៊ី អូស្ត្រាលី និងប្រទេសដទៃទៀត។