កាលពីថ្ងៃព្រហស្បតិ៍ (២ មេសា) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្នើឡើងថា អ៊ុយក្រែននឹងចែករំលែកបទពិសោធរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខ្មៅ ជូនដល់បណ្តាប្រទេសនានាដែលកំពុងពិចារណាពីវិធីសាស្ត្របើកច្រកសមុទ្រហ័រមូសឱ្យដំណើរការឡើងវិញ បើទោះបីជាមានជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ាក៏ដោយ។

នៅក្នុងសន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskyy បានលើកឡើងថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានចូលរួមក្នុងកិច្ចប្រជុំតាមអនឡាញមួយដែលផ្តោតលើការបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលមានការចូលរួមពីប្រជាជាតិប្រហែល ៤០ប្រទេស។

លោកបានបន្តថា៖ «អ៊ុយក្រែនមានបទពិសោធពាក់ព័ន្ធនឹងបញ្ហាផ្លូវទឹកបែបនេះ ទាក់ទងនឹងការការពារ និងការបើកចរាចរណ៍ដែនសមុទ្រឡើងវិញ។ ប្រសិនបើដៃគូរបស់ទីក្រុងគីវត្រៀមខ្លួនជាស្រេចក្នុងការធ្វើសកម្មភាព អ៊ុយក្រែននឹងពិចារណាលើមធ្យោបាយជួយអាចពង្រឹងវិធានការបែបនេះ ដោយអនុវត្តបទពិសោធ ចំណេះដឹង និងសក្ដានុពលបច្ចេកវិទ្យាដែលអ៊ុយក្រែនមាន»។ យ៉ាងណាមិញ លោក Zelenskyy មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើសពីនេះនោះទេ។

កងកម្លាំងអ៊ុយក្រែន បានបង្កើតបច្ចេកវិទ្យានានា រួមទាំងយានដ្រូនក្នុងសមុទ្រ ដែលបានជួយឱ្យពួកគេសម្រេចបាននូវជោគជ័យគួរឱ្យកត់សម្គាល់លើនាវាចម្បាំងរុស្ស៊ីនៅសមុទ្រខ្មៅ ក្នុងអំឡុងពេលសង្គ្រាមរយៈពេលជាង ៤ឆ្នាំកន្លងមកនេះ ហើយបានរារាំងទីក្រុងមូស្គូ មិនឱ្យគ្រប់គ្រងផ្លូវទឹកសមុទ្រខ្មៅនេះបានទាំងស្រុងឡើយ៕