តម្លៃប្រេងអាមេរិកបានកើនឡើងជាង ១១% ហើយប្រេងឆៅ Brent បានកើនឡើងជិត ៨% កាលពីថ្ងៃព្រហស្បតិ៍២មេសាសប្ដាហ៍នេះ ក្នុងការជួញដូរក្រោមភាពប្រែប្រួល ខណៈពាណិជ្ជករមានការព្រួយបារម្ភអំពីការរំខានយូរអង្វែងចំពោះការផ្គត់ផ្គង់ប្រេង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តវាយកម្ទេចលើអ៊ីរ៉ង់ បន្ថែមទៀត។

តម្លៃប្រេងឆៅ Brent បានកើនឡើង ៧,៨៧ ដុល្លារ ឬ ៧,៧៨% ក្នុងតម្លៃ ១០៩,០៣ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅWest Texas Intermediate របស់អាមេរិកដែរនោះបានកើនឡើង១១,៤២ដុល្លារឬ ១១,៤១%នៅតម្លៃ១១១,៥៤ដុល្លារក្នុងមួយបារ៉ែល ដោយបានឡើងថ្លៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០២០មក។

ទីផ្សារហ៊ុនអាស៊ី ប៉ាស៊ីហ្វិក បានហក់ឡើងខ្ពស់ស្ទើរទាំងអស់ពេលបើកការជួញដូរនៅថ្ងៃសុក្រនេះ បន្ទាប់ពីអ៊ីរ៉ង់ និងអូម៉ង់ ត្រូវបានរាយការណ៍ថាធ្វើសេចក្ដីព្រាងពិធីសារផ្លូវការមួយដើម្បីត្រួតពិនិត្យច្រកចេញចូលច្រកសមុទ្រ Hormuz ដោយធ្វើឲ្យមានក្ដីសង្ឃឹមកាន់តែខ្ពស់ថាផ្លូវទឹកដ៏សំខាន់នេះ អាចបើកឡើងវិញដោយផ្នែក។
ផ្សារភាគហ៊ុនដែលកើនឡើងនាំមុខគេ Kospi របស់កូរ៉េខាងត្បូងបានក់ឡើង ១,៧៥%។ផ្សារភាគហ៊ុន Nikkei 225របស់ជប៉ុនបានកើនឡើង ០,៩១% ខណៈ Topix កើនឡើង០,៦៥% ។ផ្សារភាគហ៊ុន របស់អូស្រ្តាលី និងក្រុង ហុងកុង ត្រូវបានបិទសម្រាប់ពិធីបុណ្យ Easter នៅចុងសប្ដាហ៍នេះ ។
ចំណែកភាគហ៊ុនអាមេរិក មានភាពប្រែប្រួលតិចតួច ខណៈ S&P 500 បានធ្លាក់ចុះបន្តិច ហើយសន្ទស្សន៍ផ្សារហ៊ុន Nasdaq-100 ធ្លាក់ចុះ០,០៧% តែភាគហ៊ុន Dow Jones Industrial Average បានកើនឡើង៩ពិន្ទុ ឬ០,០២%។
លោក Trump និយាយថា ប្រតិបត្តិការយោធានឹងត្រូវបានពង្រីក ប៉ុន្តែពុំបានបញ្ជាក់ពេលវេលាសម្រាប់ការបញ្ចប់អរិភាពនោះទេ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីជំហានណាមួយដែលអាចនាំទៅដល់ការបើកច្រកសមុទ្រ Hormuz ឡើងវិញឡើយ៕

