របាំត្រុដិ ជាសិល្បៈនៃកិច្ចបណ្ដេញឧបទ្រពចង្រៃ ចេញពីគេហដ្ឋាន និងការិយាល័យ ដើម្បីសុំសិរីសួស្ដី ផ្ដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ដែលជាអត្តសញ្ញាណខ្មែរ មានការគាំទ្រច្រើនពីប្រជាពលរដ្ឋ។

លោក ភូ វន័យ សិល្បៈករផ្នែកបុរាណ និងជាគ្រូជំនួយនៅសាលាសិល្បៈជាតិ បានប្រាប់ BTV នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះថា របាំត្រុដិ ដែលជាមរតក អត្តសញ្ញាណវប្បធម៌របស់ខ្មែរ មានការគាំទ្រច្រើន ពីពលរដ្ឋទូទៅ ពីក្រសួងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន។ សម្រាប់ក្រុមរបស់លោក ទទួលការកក់ តាំងតែពីដើមខែមករា មក ដែលមានរហូតដល់ថ្ងៃទី១៣ ខែមេសា។ លោកថា ការគាំទ្រច្រើនឡើងនេះ គឺជាការចូលរួមថែរក្សាមរតកវប្បធម៌ខ្មែរ។

ចំណែក អ្នកស្រី សាត សារិទ្ធ ប្រធានផ្នែកធនធានមនុស្ស នៅក្រុមហ៊ុនឯកជនមួយកន្លែង ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រាប់ដែរថា ក្រុមហ៊ុនរបស់អ្នកស្រី តែងតែអញ្ជើញក្រុមសិល្បៈរបាំត្រុតមកសម្ដែងជារៀងរាល់ឆ្នាំ ដើម្បីសុំសិរីសួស្ដីឆ្នាំថ្មីផង និងជាការអភិរក្សរបាំប្រពៃណី ដែលជាអត្តសញ្ញាណរបស់ខ្មែរផង។ ហើយម្យ៉ាងទៀត ក៏ជាការអនុវត្តន៍តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការថែរក្សាអភិរក្សសម្បត្តិវប្បធម៌ខ្មែរ។

សូមជម្រាបជូនថា របាំត្រុដិគឺជារបាំប្រជាប្រិយខ្មែរមួយប្រភេទ ដែលគេតែងតែសម្តែងក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
របាំត្រុដិមិនត្រឹមតែជាការសម្ដែង ទស្សនាកម្សាន្ដប៉ុណ្ណោះទេ ប៉ុន្ដែនេះ គឺជាសិល្បៈ នៃការបន់ស្រន់ សុំសេចក្ដីសុខ សិរីសួស្ដី ផ្ដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។ តាមរយៈការសម្ដែង របាំត្រុត យើងមិនត្រឹមតែឃើញនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្ដែនោះ គឺជាការរំលឹកនូវអត្តសញ្ញាណជាតិ និងការតភ្ជាប់ស្មារតីសាមគ្គីភាព ក្នុងសហគមន៍ខ្មែរទាំងមូល មុននឹងឈានចូលដល់ចូលឆ្នាំថ្មីប្រកបដោយក្ដីសង្ឃឹម៕ អត្ថបទ ៖ លៀ ស៊ីណា




