ប្រភពព័ត៌មានចំនួនបីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានប្រាប់អ្នកសម្របសម្រួលថា ខ្លួននឹងមិនពិភាក្សាអំពីការរំសាយអាវុធ ដោយពុំមានការធានាច្បាស់លាស់ថា អ៊ីស្រាអែលនឹងចាកចេញពីតំបន់ហ្កាហ្សាទាំងស្រុងនោះទេ ដូចលក្ខខណ្ឌដែលចែងក្នុងផែនការរំសាយអាវុធពី «ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតីអាមេរិក Donald Trump។

ការរំសាយអាវុធរបស់ក្រុមហាម៉ាសគឺជាចំណុចជាប់គាំងមួយក្នុងការចរចា ដើម្បីអនុវត្តផែនការរបស់លោក Trump សម្រាប់តំបន់ប៉ាឡេស្ទីនមួយនេះ និងពង្រឹងបទឈប់បាញ់ដែលបានចូលជាធរមានក្នុងខែតុលាឆ្នាំមុន ដែលបានបញ្ឈប់សង្គ្រាមរយៈពេលពីរឆ្នាំដ៏បង្ហូរឈាមនៅដែនដីហ្កាហ្សា។ អ៊ីស្រាអែលបាននិយាយរួចហើយថា ខ្លួននឹងមិនដកទ័ពចេញពីតំបន់ហ្កាហ្សាជាដាច់ខាត លុះត្រាតែក្រុមហាម៉ាស រំសាយអាវុធទាំងស្រុងជាមុនសិន។

ប្រភពអេហ្ស៊ីប និងមន្ត្រីប៉ាឡេស្ទីន បាននិយាយថា គណៈប្រតិភូហាម៉ាស បានជួបអ្នកសម្របសម្រួលអេហ្ស៊ីប កាតា និងទួរគី នៅទីក្រុងគែរ កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដើម្បីផ្តល់ការឆ្លើយតបដំបូងរបស់ពួកគេចំពោះសំណើរំសាយអាវុធ ដែលបានបង្ហាញដល់ក្រុមនេះកាលពីខែមុន។

ប្រភពព័ត៌មានបាននិយាយទៀតថា ក្រុមហាម៉ាសបានស្វែងរកការបំភ្លឺអំពីអ្វីដែលខ្លួនពិពណ៌នាថា ជាការពង្រីកតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ជាបន្តបន្ទាប់។ គួរឱ្យដឹងថា អ៊ីស្រាអែល នៅតែគ្រប់គ្រងជាងពាក់កណ្តាលនៃតំបន់ហ្កាហ្សា បន្ទាប់ពីបទឈប់បាញ់។ ប្រភពព័ត៌មានទាំងនោះបញ្ជាក់ថា ក្រុមហាម៉ាស នឹងពិភាក្សាអំពីការរំសាយអាវុធ ប៉ុន្តែលុះត្រាតែបញ្ហាទាំងនោះត្រូវបានដោះស្រាយជាមុនសិន៕