មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសស៊ីរី នៅតែបន្តប្រឈមនឹងវិបត្តិផ្លាស់ទីលំនៅដ៏ធំបំផុតមួយនៅក្នុងពិភពលោក ដោយមានមនុស្សប្រហែល ៥,៥ លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ខណៈដែលមនុស្ស ១៣,៣ លាននាក់ កំពុងជួបប្រទះអសន្តិសុខស្បៀង ក្នុងនោះមនុស្ស ៧,២លាននាក់ កំពុងខ្វះខាតធ្ងន់ធ្ងរ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Tom Fletcher អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ និងលោក Alexander De Croo អ្នកគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍UN បានចូលរួមជាមួយមន្ត្រីការបរទេសស៊ីរី លោក Qutaiba Qadish ក្នុងការអំពាវនាវឲ្យមានការគាំទ្រពីអន្តរជាតិជាបន្តបន្ទាប់សម្រាប់ប្រទេសស៊ីរី។
លោក Fletcher បាននិយាយថា ប្រទេសស៊ីរីមានវឌ្ឍនភាពក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែបានព្រមានថា ស្ថានភាពមនុស្សធម៌នៅតែធ្ងន់ធ្ងរ បន្ទាប់ពីសង្គ្រាមជាងមួយទសវត្សរ៍។ យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ មនុស្ស ១៥,៦ លាននាក់ នៅក្នុងប្រទេសស៊ីរី ត្រូវការជំនួយមនុស្ស ធម៌ នៅឆ្នាំនេះ។
លោក Fletcher ក៏បានចង្អុលបង្ហាញផងដែរថា ការកាត់បន្ថយមូលនិធិសកល កំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ នៅទូទាំងពិភពលោក។
លោកបានថ្លែងថា៖«យើងកំពុងប្រឈមនឹងវិបត្តិហិរញ្ញប្បទានជាបន្តបន្ទាប់ទូទាំងពិភពលោក» ដោយលើកឡើងពីការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប។ «យើងកំពុងឆ្លើយតបដោយការផ្តល់អាទិភាពកាន់តែខ្លាំង»។
យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ ការឆ្លើយតបផ្នែកមនុស្សធម៌ជារួម នៅឆ្នាំ ២០២៦ នឹងត្រូវការថវិកាជិត ២,៩ ពាន់លានដុល្លារអាមេរិក៕
