យ៉ាងហោចណាស់មានជនស៊ីវិល ៨នាក់ បានស្លាប់ និង ៩៥នាក់ ផ្សេងទៀត រងរបួស ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើស្ពានមួយ នៅខេត្ត Alborz ភាគខាងជើងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA។
យោងតាមរបាយការណ៍ ស្ពាន B1 ដែលមានទីតាំងនៅរដ្ឋធានី Karaj នៃខេត្តនេះ គឺជាស្ពានមួយ ក្នុងចំណោមស្ពានខ្ពស់បំផុតនៅមជ្ឈិមបូព៌ា និងជាគម្រោងដ៏ធំបំផុតនិងចំណាយប្រាក់ច្រើន នៅក្នុងប្រទេសអ៊ីរ៉ង់។ ស្ពាននេះ ត្រូវបានវាយប្រហារដោយមីស៊ីលពីរលើក កាលពីថ្ងៃព្រហស្បតិ៍។

IRNA បានដកស្រង់សម្តីលោក Qodratollah Seif អភិបាលរងខេត្តទទួលបន្ទុកកិច្ចការនយោបាយ សន្តិសុខ និងសង្គមដែលបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ និងរបួសទាំងនោះ មានប្រជាជននៅភូមិ Bileqan អ្នកដំណើរ និងក្រុមគ្រួសារដែលបានប្រមូលផ្តុំគ្នានៅតំបន់ក្បែរនោះសម្រាប់ទិវាធម្មជាតិ ដែលជាថ្ងៃឈប់សម្រាកប្រពៃណីអ៊ីរ៉ង់ ដែលប្រារព្ធឡើងនៅថ្ងៃបញ្ចប់នៃបុណ្យ Nowruz។
លោកបានបន្ថែមថា ពុំមានសកម្មភាពយោធានៅក្នុងតំបន់ជុំវិញស្ពានទេ ដោយសង្កត់ធ្ងន់ថា ស្ពាននេះ កំពុងត្រូវបានសាងសង់ និងគ្រោងនឹងសម្ពោធ នៅប៉ុន្មានថ្ងៃខាងមុខ។
លោក Seif បាននិយាយថា អ្នកដែលរងរបួសនៅក្នុងការវាយប្រហារ ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពក្បែរនោះភ្លាមៗ ហើយពួកគេមួយចំនួន ត្រូវបានព្យាបាលទៅមន្ទីរពេទ្យ៕
