ប្រទេសចំនួន ១៨ នៅអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យអ៊ីស្រាអែល និងក្រុមហេសបូឡា បញ្ឈប់ការប្រយុទ្ធគ្នា ខណៈដែលជម្លោះចុងក្រោយរបស់ពួកគេ បានឈានដល់មួយខែ និងមានការភ័យខ្លាចចំពោះផែនការរបស់អ៊ីស្រាអែល ក្នុងការគ្រប់គ្រងផ្នែកមួយនៃភាគខាងត្បូងប្រទេសលីបង់ក្រោយសង្គ្រាម។
រដ្ឋមន្ត្រីការបរទេសនៃប្រទេសនានា រួមមានអ៊ីតាលី អេស្ប៉ាញ បែលហ្ស៊ិក ប៉ូឡូញ និងអៀរឡង់ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា៖«ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅលីបង់ និងការវាយប្រហាររបស់ក្រុមហេសបូឡា ត្រូវតែបញ្ឈប់»។

សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖«យើងជំរុញឲ្យអ៊ីស្រាអែលគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់លីបង់យ៉ាងពេញលេញ ហើយអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ទាំងក្រុមហេសបូឡា និងអ៊ីស្រាអែល បញ្ឈប់សកម្មភាពយោធា»។
ប្រទេសលីបង់ ត្រូវបានទាញចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា បន្ទាប់ពីក្រុមហេសបូឡាដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ បានបាញ់រ៉ូកែតទៅលើអ៊ីស្រាអែល ដើម្បីសងសឹកការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ។
អ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារទ្រង់ទ្រាយធំ នៅទូទាំងប្រទេសលីបង់ និងការវាយលុកដោយកងទ័ពជើងគោក។
អាជ្ញាធរលីបង់និយាយថា អរិភាពបានសម្លាប់មនុស្សជាង ១.២០០នាក់ និងបានធ្វើឲ្យមនុស្សជាងមួយលាននាក់ផ្សេងទៀតភៀសខ្លួន៕
