នរគបាលក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ បានហាមឃាត់ការជួបជុំប្រចាំឆ្នាំរបស់ប្រជាជនមូស្លីមបារាំង នៅភាគខាងជើងនៃរដ្ឋធានីនេះ ដោយលើកឡើងពី «ហានិភ័យភេរវកម្មដ៏សំខាន់» ដែលវាអាចត្រូវបានកំណត់គោលដៅ។
ស្នងការនគរបាលក្រុងប៉ារីស លោក Patrice Faure បាននិយាយនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ៖«តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez ខ្ញុំបានចេញបទបញ្ជាហាមឃាត់កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៤០ របស់ប្រជាជនមូស្លីមបារាំង ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៦ ខែមេសា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ប៉ារីស Le Bourget»។

លោកបាននិយាយថា៖«ការសម្រេចចិត្តនេះ ត្រូវបានកំណត់នៅក្នុងបរិបទជាតិ និងអន្តរជាតិ ដែលត្រូវបានធ្វើឡើង ដោយភាពតានតឹងកើនឡើង និងកម្រិតនៃការគំរាមកំហែងភេរវកម្មកើនឡើង ហានិភ័យនៃភាពចលាចលសាធារណៈ និងវត្តមាននគរបាលយ៉ាងច្រើននៅតាមដងផ្លូវ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»។
ការជួបជុំប្រចាំឆ្នាំរបស់ប្រជាជនមូស្លីមបារាំង ត្រូវបានគ្រោងនឹងធ្វើឡើង នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Bourget ភាគខាងជើងនៃទីក្រុងប៉ារីស ចាប់ពីថ្ងៃសុក្រដល់ថ្ងៃចន្ទ។
បទបញ្ជាហាមឃាត់ដែលចេញដោយនគរបាលក្រុងប៉ារីស បញ្ជាក់ថា មានហានិភ័យដែល «ក្រុមស្តាំនិយមជ្រុលតូចៗ» អាចព្យាយាមរំខានដល់ព្រឹត្តិការណ៍នេះ។
ប៉ុន្តែបទបញ្ជារបស់នគរបាល បានលើកឡើងថា ព្រឹត្តិការណ៍នេះ កំពុង «កើតឡើងក្នុងបរិបទអន្តរជាតិ និងជាតិដ៏តានតឹងមួយ»៕
