កាលពីថ្ងៃព្រហស្បតិ៍ ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងរវាងអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីជំរុញសន្តិភាពនៅមជ្ឈិមបូព៌ា។
លោក Fu Cong អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) គឺជាអង្គការប្ររចាំតំបន់រស់រវើកបំផុតនៅមជ្ឈិមបូព៌ា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(GCC) ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ក្នុងពេលស្ថានភាពអន្តរជាតិ និងតំបន់ដ៏ស្មុគស្មាញ និងងាយប្រែប្រួល លោក Fu បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិគួរតែបង្កើនការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ដោយអនុវត្តរួមគ្នានូវពហុភាគីនិយមពិតប្រាកដ និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ។ លោកបញ្ជាក់ថា កម្លាំងយោធាមិនអាចនាំមកនូវសន្តិភាពបានទេ ហើយដំណោះស្រាយផ្នែកនយោបាយគឺជាមធ្យោបាយច្រកចេញជាមូលដ្ឋាន។

លោក Fu និយាយថា ប្រទេសចិនគាំទ្រការកសាងក្របខ័ណ្ឌសន្តិសុខសមូហភាពនៅឈូងសមុទ្រ ដោយដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនានិងការពិគ្រោះយោបល់ ដើម្បីសម្រេចបាននូវចំណងមិត្តភាពយូរអង្វែងរវាងប្រទេសជិតខាង។
បេសកជនចិន បានអំពាវនាវឱ្យសហគមន៍អន្តរជាតិគោរពស្វ័យភាពជាយុទ្ធសាស្ត្ររបស់ប្រទេសក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(GCC) ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ និងពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកក្នុងវិស័យដូចជាបម្រែបម្រួលអាកាសធាតុ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច។
