ក្រុមហ៊ូទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ថា ខ្លួនបានបាញ់ស្រោចមីស៊ីលបាលីស្ទីកជាច្រើនគ្រាប់ទៅលើគោលដៅអ៊ីស្រាអែលក្នុងទីក្រុង Tel Aviv ក្នុងប្រតិបត្តិការរួមគ្នាជាមួយអ៊ីរ៉ង់ និងក្រុមហេសបូឡា នៅលីបង់។

នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ អ្នកនាំពាក្យយោធា លោក Yahya Sarea បាននិយាយថា ការវាយប្រហារទាំងនោះ បានកំណត់គោលដៅលើទីតាំងសំខាន់ៗរបស់អ៊ីស្រាអែល និង «សម្រេចបានគោលដៅរបស់ខ្លួនដោយជោគជ័យ» ប៉ុន្តែមិនបានផ្តល់ភស្តុតាង ឬព័ត៌មានលម្អិតអំពីការខូចខាត ឬអ្នកស្លាប់ និងរបួសឡើយ។
ក្រុមហ៊ូទី ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ បានគ្រប់គ្រងភាគច្រើននៅភាគពាយ័ព្យប្រទេសយេម៉ែន រួមទាំងរដ្ឋធានីសាណា ចាប់តាំងពីចុងឆ្នាំ២០១៤។
លោក Sarea បាននិយាយថា ការចូលរួមផ្នែកយោធារបស់ក្រុមនេះ នឹងធ្វើឡើង «បន្តិចម្តងៗ» ប៉ុន្តែនឹងមិនឈប់នៅក្នុងកម្រិតបច្ចុប្បន្ននោះទេ ដោយព្រមានថា សកម្មភាពនាពេលអនាគតនឹងអាស្រ័យលើដំណើរនៃការកើនឡើងជម្លោះ។
