ភ្នំពេញៈ យោងតាមរបាយការណ៍ពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត(គឃ.សប)ទូទាំងប្រទេស ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបាន គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សម្រេចបានចំនួន ១.៦២២ ឃុំ-សង្កាត់នៃចំនួនឃុំ សង្កាត់សរុប ១.៦៥២ ។
ក្នុងចំណោមរាជធានី ខេត្តទាំង ២៥ គឺមានខេត្ត ចំនួន ១៩ បានបញ្ចប់ទាំងស្រុងនូវការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោតនៃឃុំ សង្កាត់នីមួយៗ ដែលខេត្តទាំងនោះ រួមមាន៖ ខេត្តបាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កណ្ដាល កោះកុង ក្រចេះ មណ្ឌលគិរី ព្រះវិហារ ព្រៃវែង សៀមរាប ព្រះសីហនុ ស្ទឹងត្រែង តាកែវ កែប ប៉ៃលិន ឧត្ដរមានជ័យ និងខេត្តត្បូងឃ្មុំ។



