កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី២ ខែមេសា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានវាយប្រហារកម្ទេចស្ពាន និងរោងចក្រថាមពលអគ្គិសនី នៅអ៊ីរ៉ង់ ជាការគំរាមកំហែងចុងក្រោយបង្អស់របស់លោក ក្នុងការកំណត់គោលលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ។
លោក Trump បានសរសេរនៅលើបណ្ដាញសង្គមថា យោធាអាមេរិក «មិនទាន់បានចាប់ផ្តើមបំផ្លាញអ្វីផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ង់នៅឡើយទេ។ បន្ទាប់មកស្ពាន ហើយបន្ទាប់ពីនោះ គឺរោងចក្រថាមពលអគ្គិសនី»។ សាររបស់លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំអ៊ីរ៉ង់ «ដឹងពីអ្វីដែលត្រូវធ្វើ ហើយត្រូវតែធ្វើឲ្យបានលឿន!»។

មេដឹកនាំអាមេរិកដែលពីមុនបានផ្តល់នូវការផ្លាស់ប្តូរពេលវេលា និងវត្ថុបំណង សម្រាប់សង្គ្រាមនេះ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃទី១ ខែមេសាថា សង្គ្រាមអាចកាន់តែធ្ងន់ធ្ងរឡើង ប្រសិនបើអ៊ីរ៉ង់មិនព្រមតាមលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោន ដោយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងប្រេង អាចកើតមាន។
អ្នកជំនាញច្បាប់អន្តរជាតិរាប់សិបនាក់ នៅសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើលិខិតចំហមួយ ដែលត្រូវបានផ្សាយ នៅព្រឹកថ្ងៃទី២ ខែមេសា ដោយបានលើកឡើងថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ អាចស្មើនឹងការប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាម។
អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ស្តីពីការប្រព្រឹត្តិមនុស្សធម៌ ក្នុងសង្គ្រាម ហាមឃាត់ការវាយប្រហារលើទីតាំងដែលត្រូវបានចាត់ទុកថា ចាំបាច់សម្រាប់ជនស៊ីវិល។ អនុសញ្ញាទីក្រុងហ្សឺណែវនេះ និងពិធីសារបន្ថែម ចែងថា ភាគីដែលពាក់ព័ន្ធនឹងជម្លោះយោធា ត្រូវតែបែងចែក រវាង «គោលដៅស៊ីវិល និងគោលដៅយោធា» ហើយការវាយប្រហារលើគោលដៅស៊ីវិលត្រូវបានហាមឃាត់៕

