យោងតាមមន្ត្រីមន្ទីរបញ្ចកោណ បានឲ្យដឹងថា លោក Pete Hegseth បានស្នើឲ្យនាយសេនាធិការកងទ័ពលោកឧត្តមសេនីយ៍ Randy George លាលែងពីតំណែង ជាចំណាត់ការមួយដែលកើតឡើងបន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានព្រមានអំពីការកើនឡើងនូវប្រតិបត្តិការយោធា លើអ៊ីរ៉ង់។

មន្ត្រីទាំងនេះ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់អះអាងពីរបាយការណ៍នៅមុននេះ ពីប្រព័ន្ធផ្សព្វផ្សាយ CBS News ដែលបានដកស្រង់សម្តីបុគ្គលដឹងពីការសម្រេចចិត្តនេះ។
អ្នកនាំពាក្យជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ លោក Sean Parnell បានឲ្យដឹងតាមរយៈសារនៅលើបណ្តាញសង្គមថា៖ «លោក George នឹងចូលនិវត្តន៍ពីតំណែងជានាយសេនាធិការទី៤១ របស់ងទ័ព ដែលចូលជាធរមានភ្លាមៗ»។ សារនោះបានបន្ថែមថា៖ «ក្រសួងសង្គ្រាម (ក្រសួងការពារជាតិ) មានការដឹងគុណចំពោះការបម្រើជាតិរបស់យើងអស់រយៈពេលជាច្រើនទសវត្សរ៍។ យើងសូមជូនពរឲ្យលោកទទួលបានជោគជ័យក្នុងជីវិតចូលនិវត្តន៍របស់លោក»។
ចំណាត់ការនេះកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្តសង្គ្រាមលើអ៊ីរ៉ង់ ដែលជាបេសកកម្មមួយដែលថ្មីៗនេះ បានឃើញសហរដ្ឋអាមេរិកបញ្ជូនកងទ័ពរាប់ពាន់នាក់ រួមទាំងកងម៉ារីន និងទាហានឆ័ត្រយោង ចូលទៅក្នុងតំបន់ សម្រាប់លទ្ធភាពដែលអាចមានប្រតិបត្តិការថ្មើរជើង។
ការបញ្ចប់តំណែងនេះ កើតឡើងចំពេលមានការផ្លាស់ប្តូរយ៉ាងទូលំទូលាយនៃថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ក្រោមការដឹកនាំរបស់លោក Hegseth ដែលបានមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ ដើម្បីរៀបចំឋានៈកំពូលៗរបស់មន្ទីរបញ្ចកោណ និងកែប្រែទិសដៅវប្បធម៌ និងយុទ្ធសាស្ត្ររបស់ស្ថាប័ននេះ៕
