អាជ្ញាធរមូលដ្ឋាន បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ជិះក្នុងរថយន្តដែលផ្ទុកដោយគ្រឿងផ្ទុះ បានសម្លាប់ស្ត្រីយ៉ាងហោចណាស់បីនាក់ និងកុមារពីរនាក់ នៅផ្ទះមួយ នៅភាគពាយ័ព្យនៃប្រទេស ប៉ាគីស្ថាន កាលពីល្ងាចថ្ងៃព្រហស្បតិ៍។

ការវាយប្រហារនេះ បានកើតឡើង នៅក្នុងស្រុក Bannu ដែលជាស្រុកមួយនៅក្នុងខេត្ត Khyber Pakhtunkhwa ដ៏វឹកវររបស់ប្រទេសប៉ាគីស្ថាន ដែលស្ថិតនៅជាប់នឹងអតីតតំបន់កុលសម្ព័ន្ធស្វ័យគ្រប់គ្រងរបស់ប្រទេសនេះ។
មន្ត្រីនគរបាលមូលដ្ឋាន លោក Muhammad Sajjad Khan បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃសុក្រនេះ ថា៖«ជាក់ស្តែង អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនោះ មានបំណងកំណត់គោលដៅទៅលើប៉ុស្តិ៍នគរបាល ប៉ុន្តែដោយប្រញាប់ប្រញាលពេក រូបគេបានវាយប្រហារផ្ទះជនស៊ីវិលមួយ មុនពេលទៅដល់ប៉ុស្តិ៍នគរបាលនោះ»។
លោកបានបន្ថែមថា យ៉ាងហោចណាស់ស្ត្រី បីនាក់ និងកុមារពីរនាក់ បានស្លាប់ នៅក្នុងហេតុការណ៍នេះ ខណៈដែល ៤នាក់ ផ្សេងទៀត បានរងរបួស៕
