ភ្នំពេញ៖ អូស្ត្រាលី គ្រោងនឹងផ្ដល់កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានឥតសំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ មានទឹកប្រាក់ចំនួនប្រមាណ ៨៧ លានដុល្លារអូស្រ្តាលី ត្រូវជាង ៦៥ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំដំបូង គិតចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ ។
ឯកឧត្តម Pablo Chiho Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី លើកឡើងនៅក្នុងជំនួបពិភាក្សា ការងារជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះថា ឆ្នាំនេះជាខួបគម្រប់ទី ៧០ឆ្នាំ នៃការចាប់ផ្តើមទំនាក់ទំនងការទូតរវាងកម្ពុជា-អូស្រ្តាលី។ ដើម្បីអបអរសាទរសម្រាប់ខួបទី ៧០ ឆ្នាំរវាងប្រទេសទាំងពីរ, ភាគីអូស្ត្រាលី តាមរយៈមូលនិធិ Department of Foreign Affairs and Trade (DFAT) គ្រោងនឹងផ្ដល់កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានឥតសំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលមានទឹកប្រាក់ប្រមាណ ៨៧ លានដុល្លារអូស្រ្តាលី ត្រូវជាង ៦៥ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំដំបូង គិតចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧, និងអាចបន្តផ្ដល់បន្ថែមចំនួន ៥៧ លានដុល្លារអូស្រ្តាលី ត្រូវប្រមាណជាង ៤២លានដុល្លារអាមេរិក សម្រាប់រយៈពេលបន្ថែម ៣ឆ្នាំបន្ទាប់ទៀត ដោយអាចបន្តទៅដល់ពាក់កណ្តាលឆ្នាំ ២០៣០។
ឯកឧត្តម ឯកអគ្គរាជទូត បន្តឲ្យដឹងថា អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលគ្រោងផ្តល់ ហិរញ្ញប្បទានខាងលើនេះ មានគោលបំណងធំៗ ៣ គឺ៖ ទី១ ជួយជ្រោមជ្រែងដល់កម្ពុជាក្នុងការអភិវឌ្ឍលើផ្នែក កសិកម្មដែលមានតម្លៃខ្ពស់ និងចាប់ផ្តើមលើវិស័យកែច្នៃកសិផល, ទី២ ការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារជុំវិញគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងអភិវឌ្ឍន៍សហគ្រាស ដើម្បីជួយជ្រោមជ្រែង កម្ពុជាក្នុងការពង្រីកទីផ្សាររបស់ខ្លួន និងគាំទ្រអាជីវកម្មកម្ពុជា ដើម្បីលើកកម្ពស់ស្តង់ដាគុណភាពរបស់ខ្លូន ដើម្បីអាចនាំចូលទៅទីផ្សារនានា ចំណែកទី៣ បន្តវិនិយោគដើម្បីពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពនៅកម្ពុជា ជាពិសេស ក្នុងវិស័យទឹក ថាមពល និងភស្តុភារ ។
ក្នុងជំនួបនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងផ្តល់ការឧបត្ថម្ភជាវ៉ាក់សាំង និងសម្ភារៈសុខាភិបាល ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ-១៩ នៅកម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា អូស្ត្រាលីតែងតែផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ លើវិស័យសំខាន់ៗជាច្រើន ជាពិសេសវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ថាមពលជាដើម៕
អត្ថបទ៖ សុន រ៉ាឌី