យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានវាយប្រហារគោលដៅជាង ៣.៥០០ កន្លែង នៅទូទាំងប្រទេសលីបង់ ក្នុងខែមុននេះ ចាប់តាំងពីការប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡា បានចាប់ផ្តើម។
លីបង់ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា នៅថ្ងៃទី ០២ ខែមីនា បន្ទាប់ពីក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់រ៉ូកែតទៅលើអ៊ីស្រាអែល ដើម្បីសងសឹកការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ។

អ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារទ្រង់ទ្រាយធំ នៅទូទាំងប្រទេសលីបង់ និងការវាយលុកដោយកងទ័ពជើងគោក។
យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានសម្លាប់ជនសកម្មប្រយុទ្ធប្រហែល ១.០០០ នាក់ នៅក្នុងប្រទេសលីបង់ ក្នុងរយៈពេលមួយខែកន្លងមក ដោយការវាយប្រហារកំណត់គោលដៅលើអ្វីដែលខ្លួនពិពណ៌នាថា ជា «ហេដ្ឋារចនាសម្ព័ន្ធរបស់ភេរវករ កន្លែងផ្ទុកអាវុធ ទីតាំងបាញ់រ៉ូកែត និងទីបញ្ជា ការការពារនិងត្រួតពិនិត្យ» ដែលជាកម្មសិទ្ធិរបស់ក្រុមហេសបូឡា។
ក្រសួងសុខាភិបាលលីបង់ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សចំនួន ១.៣៤៥នាក់ ត្រូវបានសម្លាប់ និង ៤.០៤០នាក់ រងរបួស ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមក ក្នុងនោះមានបុរសចំនួន ១.១២៩នាក់ ស្ត្រីចំនួន ៩១នាក់ និងកុមារចំនួន ១២៥នាក់៕
