ភ្លៀងធ្លាក់លាយឡំដោយខ្យល់បក់ខ្លាំង និងផ្គររន្ទះ បានបង្កការបំផ្លាញនៅក្នុងខេត្ត Balochistan របស់ប្រទេសប៉ាគីស្ថាន និងទីក្រុងកំពង់ផែ Karachi ភាគខាងត្បូង ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៧នាក់ស្លាប់ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ ខណៈបណ្តាលឱ្យមានការរំខាន និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ។

នៅខេត្ត Balochistan មនុស្សយ៉ាងហោចណាស់៨នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងឧបទ្ទវហេតុទាក់ទងនឹងភ្លៀងធ្លាក់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារក្នុងស្រុកជាង១០ស្រុក នៅក្នុងខេត្ត នេះបើយោងតាមមន្ត្រីមកពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនិយាយថា ព្យុះភ្លៀងក៏បានបំផ្លាញលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ និងដំណាំ ព្រមទាំងសត្វពាហនៈបានងាប់នៅទូទាំងខេត្ត។
មន្ត្រីជួយសង្គ្រោះក្នុងស្រុកបាននិយាយថា ដោយឡែក មនុស្ស៧នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុឆក់ចរន្តអគ្គិសនី និងជញ្ជាំងបាក់រលំក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Karachi ហើយវិធានការនានាកំពុងត្រូវបានអនុវត្តដើម្បីកាត់បន្ថយទឹកជនលិចផ្លូវ និងសម្រួលដល់ចរាចរណ៍ឲ្យរលូនក្នុងអំឡុងពេលមានភ្លៀងធ្លាក់។
លោក Syed Hassan Naqvi ស្នងការក្រុង Karachi បាននិយាយថា ជំរំសង្គ្រោះបន្ទាន់ជាច្រើនកន្លែងត្រូវបានបង្កើតឡើងនៅទូទាំងក្រុង Karachi ដើម្បីត្រៀមសម្រាប់ភ្លៀងធ្លាក់ដែលរំពឹងទុក ដោយរដ្ឋបាលនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធានាបាននូវការឆ្លើយតបទាន់ពេលវេលា និងជួយសម្រួលដល់ប្រជាជន។
