អង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី៣ ខែមេសា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា តម្លៃស្បៀងអាហារពិភពលោក បានកើនឡើង ២,៤ភាគរយ នៅក្នុងខែមីនា បើធៀបនឹងខែមុន ដោយនេះត្រូវបានជំរុញដោយការចំណាយលើថាមពលកាន់តែខ្ពស់ ដែលជាប់ទាក់ទងនឹងជម្លោះកាន់តែឡើងកម្ដៅ នៅតំបន់មជ្ឈិមបូព៌ា។
ការកើនឡើងនេះបានក្លាយជាការឡើងខ្ពស់ប្រចាំខែជាលើកទី ២ ជាប់ៗគ្នា ដោយតម្លៃកើនឡើង នៅទូទាំងគ្រប់មុខទំនិញសំខាន់ៗទាំងអស់ រួមទាំងធញ្ញជាតិ សាច់ ផលិតផលទឹកដោះគោ ប្រេងបន្លែ និងស្ករ។ សន្ទស្សន៍តម្លៃស្បៀងអាហាររបស់អង្គការ FAO គឺ ១,២ពិន្ទុ ឬ ១ភាគរយ ដែលខ្ពស់ជាងឆ្នាំមុន។

សន្ទស្សន៍តម្លៃធញ្ញជាតិបានកើនឡើង ១,៥ភាគរយ ដោយឡើងដល់ ១១០,៤ពិន្ទុ បើថៀបនឹងខែមុន ហើយបានកើនឡើង ០,៦ភាគរយ ធៀបនឹងឆ្នាំមុន។ សន្ទស្សន៍តម្លៃប្រេងបន្លែ ជាមធ្យម ១៨៣,១ពិន្ទុ នៅក្នុងខែមីនា ដោយកើនឡើង ៥,១ភាគរយ ធៀបនឹងខែកុម្ភៈ ហើយជាការកើនឡើងប្រចាំខែលើកទី៤ ជាប់ៗគ្នា ដោយការកើនឡើងប្រចាំឆ្នាំ គឺ ១៣,២ភាគរយ។
ជាមួយគ្នានេះ អង្គការ FAO បានឲ្យដឹងបន្ថែមថា៖ «តម្លៃប្រេងដូងអន្តរជាតិបានឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២ ហើយបានមានតម្លៃខ្ពស់ជាងប្រេងសណ្តែកសៀង ដែលភាគច្រើនឆ្លុះបញ្ចាំងពីផលប៉ះពាល់ដោយសារតម្លៃប្រេងឆៅកើនឡើងខ្លាំង»៕
