កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសគុយបា បានដោះលែងអ្នកទោស ២.០១០នាក់ ដែលជាការលើកលែងទោសលើកទី ២ ក្នុងឆ្នាំ ២០២៦ និងជាការដោះលែងអ្នកទោសលើកទី ៥ ចាប់តំាងពីឆ្នាំ ២០១១រហូតមក ។
ការសម្រេចចិត្តនេះ ត្រូវបានគេចាត់ទុកថាជាកាយវិការមនុស្សធម៌ និងអធិបតេយ្យភាព បន្ទាប់ពីការពិនិត្យមើលបទល្មើស ឥរិយាបថ និងសុខភាពរបស់អ្នកទោស ហើយនិងរយៈពេលជាប់ពន្ធនាគាររបស់អ្នកទោស ដោយមិនរួមបញ្ចូលអ្នកដែលបានប្រព្រឹត្តឧក្រិដ្ឋកម្ម ឬអំពើហិង្សាធ្ងន់ធ្ងរ ។
ការលើកលែងទោសនេះដែរ រួមបញ្ចូលទាំងយុវជន ស្រ្តី មនុស្សចាស់មានវ័យលើសពី ៦០ឆ្នាំ និងជនបរទេស ក៏ដូចជាពលរដ្ឋគុយបារស់នៅបរទេស ។
រដ្ឋាភិបាលគុយបានិយាយថា ការដោះលែងអ្នកទោសនេះ គឺជាផ្នែកមួយនៃការអនុវត្តប្រពៃណីរបស់ខ្លួន ក្នុងការលើកលែងទោស អំឡុងសប្តាហ៍បរិសុទ្ធ ។
វាគឺជាលើកទី ២ហើយក្នុងឆ្នាំនេះ កាលដែលគុយបា បានប្រកាសលើកលែងទោស សម្រាប់អ្នកទោស ស្របពេលកិច្ចប្រជុំកំពុងបន្តជាមួយសហរដ្ឋអាមេរិក ៕