កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អង្គការសហប្រជាជាតិ(UN)បានព្រមានថា ស្ថានភាពមនុស្សធម៌នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្តធ្ងន់ធ្ងរកាន់តែខ្លាំង ដោយសារអំពើហិង្សាកំពុងកើតឡើងនៅតាមបណ្តាលខេត្តភាគខាងត្បូងប្រទេស ។
អ្នកនាំពាក្យ UN លោក Stephane Dujarric និយាយថា មនុស្សយ៉ាងហោច ៣០នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃពុធ នៅក្នុងការវាយប្រហាររបស់ក្រុមប្រដាប់អាវុធនៅទីក្រុង Bafwakoa ស្ថិតក្នុងដែនដី Mambasa របស់ខេត្ត Ituri ។
លោកថា ការស្លាប់នេះ នាំឲ្យចំនួនជនស៊ីវិលត្រូវបានសម្លាប់នៅទីនោះ កើនឡើងដល់ជាង ១០០នាក់ ចាប់តាំងពីថ្ងៃទី ១១ ខែមីនារហូតមក ។
លោក Dujarric បន្តថា ដៃគូមនុស្សធម៌ក្នុងស្រុក បានរាយការណ៍ផងដែរថា មនុស្សជាង ៣៩០នាក់ ត្រូវបានចាប់ជម្រិត អំឡុងពេលតែមួយ ខណៈរលកថ្មីនៃអំពើហិង្សា បានធ្វើឲ្យមនុស្សកាន់តែច្រើន ជម្លៀសខ្លួន ។
លោកនិយាយទៀតថា ការលួចប្លន់ រួមទាំងការលួចស្បៀងអាហារ ឱសថ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តចេញពីមណ្ឌលសុខភាព បានធ្វើឲ្យស្ថានភាពកាន់តែដុនដាបខ្លាំងជាងមុន ។
ក្រុមអាជ្ញាធរ បានដាក់ការស្តីបន្ទោសការវាយប្រហារនៅទីក្រុង Bafwakoa លើកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF) ដែលជាក្រុមប្រដាប់អាវុធអ៊ូហ្គង់ដានៅតំបន់ភាគខាងកើតកុងហ្គោ និងត្រូវបានរៀបចំឡើងដោយក្រុមរដ្ឋអ៊ិស្លាមថាជា ក្រុមចំណុះរបស់ពួកគេ ។
លោក Christian Alimasi គឺជាមន្រ្តីគយក្នុងស្រុកមួយរូបនៅដែនដី Mambasa និយាយថា ផ្ទះសម្បែងប្រជាពលរដ្ឋរងការដុតកម្ទេចចោល ជនរងគ្រោះមួយចំនួនត្រូវបានសម្លាប់ដោយប្រើពូថៅ ហើយអ្នកខ្លះត្រូវបានដុតសម្លាប់នៅក្នុងផ្ទះរបស់ពួកគេ ហើយមនុស្ស ២នាក់ ត្រូវបានចាប់ជម្រិត ។
ការវាយប្រហាររបស់កងកម្លាំង ADF បានកើនឡើង ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នៅខេត្ត Ituri និងខេត្ត North Kivu បើទោះបីជាប្រតិបត្តិការរួមគ្នារបស់កុងហ្គោ-អ៊ូហ្គង់ដា ប្រឆាំងនឹងក្រុមប្រដាប់អាវុធ បានចាប់ផ្តើមកាលពីឆ្នាំ ២០២១យ៉ាងណាក៏ដោយ ៕