រយៈពេល ១ខែ ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ចាប់ផ្តើម អ្នកស្រី Shideh Dashti និងស្វាមី Shawhiin Roudbari បានរៀបចំតែ និងនំប៉ាស្តា សម្រាប់អាហារពេលព្រឹកនៅទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋអាមេរិក ។
អ្នកស្រី Dashti គឺជាជនជាតិអ៊ីរ៉ង់ និងជាសាស្រ្តាចារ្យផ្នែកវិស្វកម្មសំណង់ស៊ីវិល បរិស្ថាន និងស្ថាបត្យកម្មនៅសាកលវិទ្យាល័យ Colorado Boulder ហើយលោក Roudbari ក៏ជាជនជាតិអ៊ីរ៉ង់ផងដែរដែលជាសាស្រ្តាចារ្យផ្នែកបរិស្ថាននៅសាកលវិទ្យាល័យតែមួយនេះ ។
អ្នកស្រី Dashti បានផ្លាស់ទីលំនៅចេញពីអ៊ីរ៉ង់ ដើម្បីបញ្ចប់ថ្នាក់វិទ្យាល័យ និងបន្តការសិក្សានៅឧត្តមសិក្សា ក្នុងសហរដ្ឋអាមេរិក ។ អ្នកស្រីបានជួបប្តីរបស់គាត់នៅរដ្ឋញូវយ៉ក និងបានផ្លាស់ទីលំនៅទៅកាន់ទីក្រុង Boulder រដ្ឋ Colorado កាលពីឆ្នាំ ២០១០ ។
លោក Roudbari បានកើតនៅទីក្រុងឡូសអាន់ជឺឡេស ប៉ុន្តែក្រោយមកលោកបានផ្លាស់ទីលំនៅទៅកាន់ទីក្រុងតេអេរ៉ង់ ។ ពេលរូបលោកមានវ័យ ១០ឆ្នាំ រូបលោកបានវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ ។
អ្នកស្រី Dashti និងលោក Roudbari ពុំដែលវិលត្រឡប់ទៅកាន់ប្រទេសអ៊ីរ៉ង់វិញនោះទេ ចាប់តាំងពីឆ្នាំ ២០១៩ ។ ទស្សនៈបង្ហាញដោយអ្នកស្រី Dashti និងលោក Roudbari គឺជាគំនិតផ្ទាល់ខ្លួនរបស់ពួកគេ មិនពាក់ព័ន្ធនឹងសាកសលវិទ្យាល័យ Colorado Boulder នោះឡើយ ។
អ្នកស្រី Dashti និយាយថា វាគឺជាអារម្មណ៍លាយឡំគ្នា ។ អ្នកស្រីមិនអាចនិយាយកុហសបានទេ ពេលដែលពួកយើងឮថា ពួកគេបានវាយប្រហារ មាននូវក្តីសង្ឃឹម និងភាពសប្បាយរីករាយមួយដែលមនុស្សទាំងអស់នោះ ត្រូវតបស្នងចំពោះអ្វីដែលពួកគេបានធ្វើ ។
អ្នកស្រីបន្តថា អ្នកស្រីយល់ថា សង្គ្រាមមួយនេះ វាស្មុគ្រស្មាញខ្លាំងបែបណា ហើយពេញមួយជីវិតរបស់គាត់ មិនដែលគាំទ្រវិធានការយោធាម្តងណាឡើយ អ្នកស្រីគិតថា មធ្យោបាយល្អបំផុត គឺត្រូវតែពង្រឹងសង្គមស៊ីវិល ។
អ្នកស្រីនិយាយទៀតថា គាត់ដឹងថាវាចម្លែក ប៉ុន្តែគាត់មានអារម្មណ៍ធូរស្រាលពេលមើលឃើញការធ្វើអន្តរាគមន៍ខ្លះបែបនេះ ប៉ុន្តែរឿងមួយដែលគាត់មិនពេញចិត្តនោះ គឺការអន្តរាគមន៍របស់មនុស្សដែលគាត់មិនដែលទុកចិត្តម្តងណាឡើយ ៕