នាវាកុងតឺន័រមួយគ្រឿង ដែលបង្ហាញម្ចាស់ជារបស់បារាំង បានចាកចេញពីច្រកសមុទ្រ Hormuz ដោយនេះទំនងជាការឆ្លងកាត់ដំបូងដោយនាវាដែលភ្ជាប់ទៅអឺរ៉ុបខាងលិច តាំងពីសង្គ្រាមបានបិទផ្លូវទឹកដ៏សំខាន់នេះ។
យោងតាមទិន្នន័យតាមដាននាវា នាវា CMA CGM Kribi បានចេញដំណើរពីដែនទឹកនៃទីក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ កាលពីរសៀលថ្ងៃព្រហស្បតិ៍ (ទី២ ខែមេសា ឆ្នាំ២០២៦) តាមពេលវេលាក្នុងស្រុក ដោយបង្ហាញថា មានម្ចាស់ជាជនជាតិបារាំង។
នាវានេះបានជាប់នៅជិតឆ្នេរសមុទ្រអ៊ីរ៉ង់ ដោយធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ រវាងកោះ Qeshm និង Larak ដោយផ្សព្វផ្សាយអំពីដំណើររបស់វាជាសាធារណៈ។ នាព្រឹកថ្ងៃទី៣ ខែមេសានេះ នាវាបានបង្ហាញសញ្ញាថា វាគឺនៅម្ដុំទីក្រុង Muscat របស់ប្រទេសអូម៉ង់។ បុគ្គល ២រូប ដែលដឹងពីស្ថានភាពនេះ ក៏បាននិយាយផងដែរថា នាវានេះបានឆ្លងកាត់។
ចរាចរណ៍ នៅក្នុងច្រកសមុទ្រ Hormuz ស្ទើរតលែងមានហើយ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់កាលពីជាង ១ខែមុន ដោយមានតែនាវាមួយចំនួនតូចប៉ុណ្ណោះដែលបានឆ្លងកាត់។ នាវាទាំងនោះភាគច្រើនជានាវាដែលមានទំនាក់ទំនងជាមួយប្រទេសជាមិត្ត ហើយប្រព័ន្ធមួយ កំពុងលេចចេញឡើង ដែលត្រូវមានយល់ព្រមជាមុនពីអ៊ីរ៉ង់ សម្រាប់ការឆ្លងកាត់តាមផ្លូវដែលនៅកៀកនឹងឆ្នេរសមុទ្ររបស់ខ្លួន។
ជាឧទាហរណ៍ ប៉ាគីស្ថាន បានឈានដល់កិច្ចព្រមព្រៀង ដើម្បីឲ្យនាវាចំនួន ២០គ្រឿងឆ្លងកាត់ក្រោមទង់ជាតិរបស់ខ្លួន ហើយប្រទេសអាស៊ីដទៃទៀត ក៏ទទួលបានការធានាសុវត្ថិភាពផងដែរ សម្រាប់ការឆ្លងកាត់។ បណ្ដារដ្ឋអឺរ៉ុប រួមទាំងបារាំងផងដែរ កំពុងធ្វើកិច្ចប្រឹងប្រែងផ្នែកការទូតដំបូង ដើម្បីបន្ធូរបន្ថយវិបត្តិនេះ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានវឌ្ឍនភាពណាមួយត្រូវបានរាយការណ៍នៅឡើយទេ៕