បង់ក្លាដែសនឹងកាត់បន្ថយម៉ោងធ្វើការ និងម៉ោងលក់ដូរតាមផ្សារទំនើប ហើយនិងហាមឃាត់ការបើកភ្លើងតុបតែងនៅកម្មវិធីអាពាហ៍ពិពាហ៍ ចាប់ពីថ្ងៃសុក្រនេះតទៅ ស្របពេលដែលពួកគេព្យាយាមសន្សំសំចៃស្តុកថាមពល ក្រោយតម្លៃប្រេងសកលហក់ឡើងខ្ពស់ ដោយសារសង្រ្គាមមជ្ឈិមបូព៌ា ។
បង់ក្លាដែសបាននាំចូលប្រេង និងឧស្ម័នចំនួន ៩៥ភាគរយ ដែលភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា ហើយពួកគេនិយាយថា ខណៈស្តុកប្រេង និងម៉ាស៊ូតគ្រប់គ្រាន់ ពួកគេសង្ឃឹមថា នឹងកាត់បន្ថយផលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់គ្មានសុវត្ថិភាព ។
ប្រហែល ៦០ភាគរយនៃអគ្គិសនីរបស់ពួកគេដែលត្រូវបានផលិតឡើង ប្រើប្រាស់ឧស្ម័ននាំចូល ខណៈប្រេងម៉ាស៊ូត ត្រូវបានប្រើប្រាស់ចម្បងសម្រាប់កសិកម្មនៅក្នុងតំបន់ ។
ទីក្រុងដាកា បានបញ្ជាឲ្យការិយាល័យរដ្ឋាភិបាល ឯកជន និងធនាគារទាំងអស់ បិទរយៈពេល ១ម៉ោងមុន ចាប់ផ្តើមពីថ្ងៃសុក្រនេះតទៅ រហូតដល់មានការជូនដំណឹងបន្ថែមទៀត ។
លោក Nasimul Gani គឺជារដ្ឋលេខាធិការជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលបង់ក្លាដែស និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ខ្សែចង្វាក់ផ្គត់ផ្គង់ប្រេង គ្មានសុវត្ថិភាពនោះទេ ដូច្នេះហើយការិយាល័យឯកជន និងរដ្ឋ ត្រូវតែធ្វើការចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ល្ងាច ខណៈធនាគារបន្តបើកពីម៉ោង ៩ព្រឹក ដល់ម៉ោង ៣ល្ងាច ។
ដោយឡែក ផ្សារទំនើបដែលតាមធម្មតាបើកយឺត បច្ចុប្បន្ននឹងត្រូវបិទនៅវេលាម៉ោង ៦ល្ងាច បើទោះបីជាហាងលក់គ្រឿងផ្គត់ផ្គង់ចំណីអហារបន្តបើកតាមម៉ោងធម្មតារបស់ពួកគេក៏ដោយ ៕