អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅថ្ងៃសុក្រនេះថា អ៊ុយក្រែនត្រូវតែដកទាហានរបស់ខ្លួនចេញពីតំបន់ Donbas ដែលពួកគេនៅបន្តគ្រប់គ្រង ហើយការធ្វើបែបនេះ នឹងនាំឲ្យមានដំណោះស្រាយ ។
លោក Peskov និយាយថា ពុំមានឱសានវាទនោះទេ ។ ពួកយើងបានបញ្ជាក់ម្តងហើយម្តងទៀតថា ដើម្បីបញ្ឈប់ដំណាក់កាលក្តៅគគុកនៃប្រតិបត្តិការសឹកពិសេស អ៊ុយក្រែនត្រូវតែដកទាហានរបស់ខ្លួនចេញពីតំបន់ Donbas ។
លោកថា ការដកទ័ពនេះត្រូវតែធ្វើឲ្យបាន ហើយពិតណាស់ថា វានឹងសម្របសម្រួលការផ្លាស់ប្តូរទៅរកដំណើរការដំណោះស្រាយជម្លោះ តាមរយៈមធ្យោបាយនយោបាយ និងការទូត ។
លោក Peskov និយាយទៀតថា ការធ្វើបែបនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ត្រូវតែទទួលយកទំនួលខុសត្រូវ ហើយនិងធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ។ គ្មានទេឱសានវាទ វាត្រូវតែធ្វើនៅថ្ងៃនេះ ហើយវាកាន់តែល្អ បើសិនជាពួកគេបានធ្វើកាលពីម្សិលមិញ ។ ពួកយើងនឹងបន្តប្រតិបត្តិការសឹកពិសេសរហូតដល់គោលដៅទាំងអស់ សម្រេចបាន ។
សូមបញ្ជាក់ថា តំបន់ Donbas គឺជាចំណុចជាប់គាំងដ៏សំខាន់មួយក្នុងការចរចាសន្តិភាពសម្របសម្រួលដោយអាមេរិករវាងទីក្រុងគីវ និងទីក្រុងមូស្គូ ដែលភាគច្រើនបានជាប់គាំង ខណៈការផ្តោតសំខាន់របស់ទីក្រុងវ៉ាស៊ីនតោនបានងាកទៅរកសង្គ្រាមជាមួយអ៊ីរ៉ង់ ៕