មន្រ្តីមួយរូបនិយាយថា ការវាយប្រហារទ្រង់ទ្រាយធំនៅពេលថ្ងៃនាថ្ងៃសុក្រនេះរបស់រុស្ស៊ី បានសម្លាប់មនុស្ស ២នាក់ នៅអ៊ុយក្រែន ស្របពេលដែលទាហានទីក្រុងមូស្គូ កំពុងផ្លាស់ប្តូរតាក់ទិក ដើម្បីរំលងប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ដែលលោកប្រធានាធិបតី Volodymyr Zelenskiy បរិហារថាជាការកើនឡើងភាពតានតឹងនៅមុនថ្ងៃបុណ្យ Easter ។
នៅថ្ងៃសុក្រនេះ យានដ្រូនវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅតំបន់ភាគកណ្តាល Zhytomyr និងតំបន់ Kyiv បានសម្លាប់មនុស្សម្នាក់ នៅក្នុងតំបន់និមួយៗ ។
លោកអភិបាល Mykola Kalashnyk និយាយថា នៅទីក្រុង Vyshneve ស្ថិតនៅក្រៅទីក្រុងគីវ យានដ្រូនធ្លាក់នៅជិតសាលារៀន បណ្តាលឲ្យបុរសម្នាក់ស្លាប់ ។ មនុស្ស ៨នាក់ផ្សេងទៀត រួមទាំងកុមារម្នាក់ផងដែរ បានរងរបួសនៅតំបន់ Kyiv ។ នៅទីក្រុង Obukhiv ដែលស្ថិតក្នុងតំបន់ Kyiv ដែរនោះ ប្លុកអគារផ្ទះល្វែងមួយកន្លែង រងការវាយប្រហារ ។
សូមបញ្ជាក់ថា អំឡុងសង្រ្គាមរយៈពេលជាង ៤ឆ្នាំមកនេះ ភាគច្រើនរុស្ស៊ីបើកការវាយប្រហារយានដ្រូន និងមីស៊ីលនៅតែពេលយប់ប៉ុណ្ណោះ ធ្វើឲ្យគោលដៅពិបាកបាញ់ស្កាត់ ហើយនិងបង្កើនផលប៉ះពាល់ផ្នែកផ្លូវចិត្តលើពលរដ្ឋអ៊ុយក្រែន ។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពួកគេបង្កើនការវាយប្រហារយានដ្រូន និងមីស៊ីលនៅពេលថ្ងៃវិញម្តង ជាក់ស្តែងពួកគេបានប្រើប្រាស់អាវុធចំនួនច្រើនជាប់កំណត់ត្រា អំឡុងការវាយប្រហារកាលពីថ្ងៃទី ២៤ ខែមីនា ។
រុស្ស៊ី បានបើកការវាយប្រហារយានដ្រូន ៥៤២គ្រឿង និងមីស៊ីល ៣៧គ្រាប់ ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍រហូតមក ដោយមានគោលដៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ៕