នៅថ្ងៃសុក្រ (ទី៣ ខែមេសា ឆ្នាំ២០២៦) នេះ អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពី «ការវាយប្រហារជាច្រើនលើក លើទីតាំងសេវាសុខភាព» នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈពេលដែលលើកឡើងពីសារៈសំខាន់របស់វិទ្យាស្ថានប៉ាស្ទ័រ (Pasteur Institute) នៅក្នុងរដ្ឋធានី ដែលត្រូវបានបំផ្លាញ ដោយសារការវាយប្រហារតាមអាកាស។
ប្រមុខ WHO លោក Tedros Adhanom Ghebreyesus បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ការវាយប្រហារជាច្រើន លើទីតាំងសេវាសុខភាព ត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ស្របពេលជម្លោះមានកាន់តែខ្លាំងឡើងៗ នៅតំបន់មជ្ឈិមបូព៌ា»។
លោកបាននិយាយថា វិទ្យាស្ថានប៉ាស្ទ័រ «បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយមិនអាចបន្តផ្តល់សេវាសុខភាពបាន» ដោយនេះគឺជាកន្លែងមួយក្នុងចំណោមទីតាំងចំនួន ២០ ដែល WHO បានបញ្ជាក់ថា កំពុងត្រូវបានកំណត់គោលដៅ។
មជ្ឈមណ្ឌលនេះ ដែលមិនមានទំនាក់ទំនងជាផ្លូវការជាមួយវិទ្យាស្ថានប៉ាស្ទ័រ នៅទីក្រុងប៉ារីស ប្រទេសបារាំង គឺជាកន្លែងស្រាវជ្រាវ និងសុខភាពសាធារណៈចំណាស់ជាងគេបំផុតមួយ នៅអ៊ីរ៉ង់ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២០។
លោក Tedros បានសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលនេះ «ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារ និងលើកកម្ពស់សុខភាពប្រជាជន រួមទាំងក្នុងគ្រាអាសន្នផងដែរ»។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយអះអាងថា ប្រទេសនេះ កំពុងឆ្ពោះយ៉ាងលឿនទៅរកការផលិតអាវុធនុយក្លេអ៊ែរ ជាការលើកឡើងដែលទីក្រុងតេអេរ៉ង់បានបដិសេធ៕