សហភាពអាហ្វ្រិក (AU) នៅថ្ងៃសុក្រ (ទី៣ ខែមីនា ឆ្នាំ២០២៦) នេះ បានស្វាគមន៍គំនិតផ្តួចផ្តើម ៥ចំណុចរបស់ចិន-ប៉ាគីស្ថាន ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅឈូងសមុទ្រ និងតំបន់មជ្ឈិមបូព៌ា ខណៈដែលសង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បន្តចូលដល់ខែទី២ ហើយ។
ប្រធានគណៈកម្មការ AU លោក Mahmoud Ali Youssouf បាននិយាយថា សំណើនេះ ដែលអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ការការពារជនស៊ីវិល និងសន្តិសុខដែនសមុទ្រ អាចជួយដឹកនាំវិបត្តិឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព។
លោក Youssouf បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គំនិតផ្តួចផ្តើមនេះបង្កើតបានជាការរួមចំណែកទាន់ពេលវេលា និងស្ថាបនា ចំពោះកិច្ចប្រឹងប្រែងអន្តរជាតិដែលកំពុងបន្តមាន ដើម្បីបន្ធូរបន្ថយភាពតានតឹង»។
ជាមួយគ្នានេះ លោកបានព្រមានថា ផលប៉ះពាល់នៃជម្លោះ កំពុងធ្វើឲ្យមានភាពរំជើបរំជួលទូទាំងពិភពលោករួចទៅហើយ ដោយរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល ប្រព័ន្ធស្បៀងអាហារ និងស្ថិរភាពសេដ្ឋកិច្ច ដោយប្រទេសអាហ្វ្រិកងាយរងគ្រោះជាពិសេស ដោយសារផលវិបាកនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ប្រទេសចិន និងប៉ាគីស្ថាន បានស្នើផែនការសន្តិភាព ៥ចំណុច សម្រាប់វិបត្តិតំបន់មជ្ឈិមបូព៌ា ដែលរួមមានការបញ្ឈប់អរិភាពជាបន្ទាន់ ការចាប់ផ្តើមកិច្ចចរចាសន្តិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន សន្តិសុខនៃគោលដៅមិនមែនយោធា សន្តិសុខនៃផ្លូវដឹកជញ្ជូន និងអាទិភាពនៃធម្មនុញ្ញអង្គការសហប្រជាជាតិ៕