កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងមិនអើពើនឹងការផ្តល់ជូនរបស់សហរដ្ឋអាមេរិក សម្រាប់ការចរចានោះទេ លុះត្រាតែអាមេរិកដកគោលនយោបាយអរិភាពរបស់ខ្លួនលើកូរ៉េខាងជើង មួយថ្ងៃបន្ទាប់ពីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនបានទាក់ទងទៅក្រុងព្យុងយ៉ាងតាមច្រកមួយចំនួន។

សេចក្ដីថ្លែងការណ៍ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសទី១ របស់កូរ៉េខាងជើងគឺលោកស្រី Choe Son Hui មានឡើងប៉ុន្មានម៉ោងមុនពេលដែលប្រមុខការទូត និងប្រមុខការពារជាតិសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជួបគ្នានៅទីក្រុងសេអ៊ូល ក្នុងកិច្ចពិភាក្សារួមគ្នាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៥ឆ្នាំដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោកស្រី Choe បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងថា យើងមិនគិតថា វាចាំបាច់ត្រូវឆ្លើយតបនឹងល្បិចកលអូសពេលវេលា របស់សហរដ្ឋអាមេរិកម្តងទៀតទេ។
យើងបានប្រកាសជំហររបស់យើងរួចហើយថា គ្មានផ្លូវដែលអាចមានទំនាក់ទំនងល្អរវាងកូរ៉េខាងជើង និងអាមេរិក និងការសន្ទនាណាមួយកើតឡើងឡើយ លុះត្រាតែសហរដ្ឋអាមេរិកដកគោលនយោបាយអរិភាពរបស់ខ្លួន ចំពោះកូរ៉េខាងជើងជាមុនសិន។ បើមិនដូច្នេះទេ យើងក៏នឹងមិនយកចិត្តទុកដាក់ចំពោះការប៉ុនប៉ង របស់អាមេរិកដូចនេះនាពេលអនាគតនោះដែរ៕
អត្ថបទ៖ សុខមាន