មន្ត្រីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿង ត្រូវបានបាញ់ទម្លាក់នៅលើប្រទេសអ៊ីរ៉ង់ និងឈូងសមុទ្រ ដោយអាកាសយានិកពីរនាក់ត្រូវបានជួយសង្គ្រោះ និងម្នាក់ទៀតនៅបាត់ខ្លួន ហើយកំពុងត្រូវបានកងកម្លាំងទីក្រុងតេអេរ៉ង់ តាមស្វែងរក។ ឧបទ្ទវហេតុនេះ បង្ហាញពីហានិភ័យដែលយន្តហោះរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែប្រឈមមុខនៅលើប្រទេសអ៊ីរ៉ង់ ទោះបីជាមានការអះអាងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ថា កងកម្លាំងរបស់ខ្លួនមានការគ្រប់គ្រងទាំងស្រុងលើដែនអាកាសក៏ដោយ។ មន្ត្រី បាននិយាយថា យន្តហោះទីមួយ ជាយន្តហោះចម្បាំង F-15E របស់សហរដ្ឋអាមេរិកមានកៅអីពីរ ត្រូវបានបាញ់ទម្លាក់ដោយអ៊ីរ៉ង់។ មន្ត្រីអាមេរិកពីររូបបាននិយាយថា យន្តហោះទីពីរ ដែលជាយន្តហោះចម្បាំង A-10 Warthog ក៏ត្រូវបានបាញ់ទម្លាក់ដោយអ៊ីរ៉ង់ ហើយបានធ្លាក់នៅលើប្រទេសកូវ៉ែត ដោយអ្នកបើកយន្តហោះបានលោតចេញ។ មន្ត្រីអាមេរិកពីររូបបានប្រាប់សារព័ត៌មានរ៉យទ័រថា ឧទ្ធម្ភាគចក្រ Blackhawk ចំនួនពីរគ្រឿងដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកបើកយន្តហោះដែលបាត់ខ្លួន ក៏ត្រូវបានបាញ់ដោយអ៊ីរ៉ង់ ប៉ុន្តែបានចេញផុតពីដែនអាកាសអ៊ីរ៉ង់។ កម្រិតនៃការរងរបួសក្នុងចំណោមក្រុមយានិករបស់យន្តហោះនៅតែមិនទាន់ច្បាស់លាស់នៅឡើយ ហើយស្ថានភាព និងទីតាំងរបស់សមាជិកយានិកយន្តហោះ F-15E ដែលបាត់ខ្លួនមិនត្រូវបានគេដឹងជាសាធារណៈនោះទេ។

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា ខ្លួនកំពុងរុករកក្នុងតំបន់មួយក្បែរទីតាំងដែលយន្តហោះបានធ្លាក់នៅភាគនិរតីប្រទេសអ៊ីរ៉ង់ ហើយអភិបាលតំបន់បានសន្យាថានឹងផ្តល់រង្វាន់ដល់អ្នកណាដែលចាប់បាន ឬសម្លាប់ «កងកម្លាំងសត្រូវ»។ ប្រជាជនអ៊ីរ៉ង់ ដែលត្រូវបានវាយប្រហារដោយកម្លាំងអាកាសអាមេរិករយៈពេលជាច្រើនសប្តាហ៍មកនេះ បានបង្ហោះសារអបអរការបាញ់ទម្លាក់យន្តហោះទាំងនេះ។
